ក្រុមហ៊ុន Panasonic របស់ប្រទេសជប៉ុននឹងឈប់ផលិតអំពូលម៉ែត្រវែងៗនៅចុងឆ្នាំ២០២៧ ខាងមុខ ដែលជាការបិទបញ្ចប់ផលិតកម្មរយៈពេលជាង៧ទសវត្សរ៍នៅក្នុងវិស័យនេះរបស់ខ្លូន។ ការឈប់ផលិតអំពូលម៉ែត្រនេះ ដោយសារក្រុមហ៊ុននេះនឹងងាកទៅផ្តោតលើការផលិតអំពូលភ្លើង អិលអ៊ីឌី ដែលកំពុងមានតម្រូវការខ្ពស់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ក្រុមហ៊ុន Panasonic បានចាប់ផ្តើមផលិតអំពូលម៉ែត្រនៅឆ្នាំ១៩៥១ ហើយបច្ចុប្បន្នក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន៣ នៅប្រទេសជប៉ុន ដែលផលិតអំពូលភ្លើងវែងៗរួមជាមួយនឹងក្រុមហ៊ុន តូស៊ីបា ឡាយធីង អែន តិចឡូនូជី Toshiba Lighting & Technology និងក្រុមហ៊ុន ហូតាលុច (Hotalux)។ ក្រុមហ៊ុន Panasonic បានក្លាយជាក្រុមហ៊ុនដំបូងគេដែលបានសម្រេចចិត្តឈប់ផលិតអំពូលម៉ែត្រនៅក្នុងរយៈពេល៣ឆ្នាំខាងមុខ ប៉ុន្តែគេរំពឹងថា ក្រុមហ៊ុននេះនឹងបង្កើនការផលិតអំពូលភ្លើង LED ជំនួសវិញ ទោះបីជាព័ត៌មានលម្អិតមិនទាន់ត្រូវបានបង្ហាញយ៉ាងណាក៏ដោយ។
ការឈប់ផលិតអំពូលម៉ែត្ររបស់ក្រុមហ៊ុននេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងអន្តរជាតិមួយក្នុងខែវិច្ឆិកា ដែលនឹងហាមឃាត់ការផលិត ការនាំចេញ និងការនាំចូលអំពូលភ្លើងវែងៗនៅចុងឆ្នាំ២០២៧ ដោយសារតែមានសារធាតុបារ៉ត ប៉ុន្តែអំពូលភ្លើងដែលបានផលិតមុនកាលបរិច្ឆេទនេះ អាចបន្តលក់រហូតដល់ឆ្នាំ២០២៨ ឬលើសនេះទៀត។
ក្រុមហ៊ុន Panasonic គ្រោងនឹងបន្តផលិតអំពូលម៉ែត្ររហូតដល់ថ្ងៃកំណត់ដោយសារតែតម្រូវការសម្រាប់ផលិតផលមួយនេះនៅតែបន្តមាននៅក្នុងប្រទេសជប៉ុន។ បើតាមសមាគមផលិតអំពូលភ្លើងនៅជប៉ុនបានឱ្យដឹងថា គិតត្រឹមខែមិថុនា អំពូលភ្លើងដែលកំពុងប្រើប្រាស់នៅប្រទេសជប៉ុនជាង៦០% គឺជាអំពូលភ្លើង LED ចំណែកអំពូលម៉ែត្រត្រូវបានផលិតភាគច្រើនបំផុតគឺត្រឹមតែ៤០%ប៉ុណ្ណោះ។
សមាគម JLMA បានប៉ាន់ប្រមាណថា រដ្ឋាភិបាលជប៉ុនមានបំណងប្រែក្លាយអំពូលម៉ែត្រដែលមានស្រាប់ទាំងអស់នៅប្រទេសជប៉ុនទៅជាអំពូលភ្លើង LED នៅត្រឹមឆ្នាំ២០៣០ ហើយការធ្វើបែបនេះអាចកាត់បន្ថយការប្រើប្រាស់អគ្គិសនីបានពាក់កណ្តាលចាប់ពីឆ្នាំ២០៣១៕