Alynana Media Cambodia
Icon Collap
clinic narit

អាមេរិក​ត្រៀម​ប្រើប្រាស់ថ្នាំ​បង្ការ​​កូវីដរបស់​ Pfizer ក្រុមហ៊ុន​អង់គ្លេសទើបតែចេញលទ្ធផលជាបណ្តោះអាសន្ន

Sang Kim | Nov 23, 2020
អាមេរិក​ត្រៀម​ប្រើប្រាស់ថ្នាំ​បង្ការ​​កូវីដរបស់​ Pfizer ក្រុមហ៊ុន​អង់គ្លេសទើបតែចេញលទ្ធផលជាបណ្តោះអាសន្ន
Clinic narith

ខណៈ​ដែលកូវីដ១៩​កំពុង​ធ្វើការ​រាតត្បាត​ចម្លង​យ៉ាង​ខ្លាំង​ ដោយ​រាប់​ឃើញ​មាន​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ​ជាង​មួយ​សែន​៦​ម៉ឺន​នាក់ និង​ស្លាប់​ដល់​​២ពាន់​នាក់ក្នុង​មួយ​ថ្ងៃៗ​​ ​អាជ្ញាធរ​អាមេរិកបាន​បង្ហាញ​ក្តី​សង្ឃឹម​និង​​កំពុង​ត្រៀម​លក្ខណៈ​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​កូវីដ១៩ នៅ​មុន​ពាក់កណ្តាល​ខែ​ធ្នូនេះ​តែ​ម្តង។ ក្រុមហ៊ុន​ឱសថ​អាមេរិក ​ Pfizer/BioNTech ជាម្ចាស់​ថ្នាំវ៉ាក់សាំងបាន​ដាក់​ពាក្យ​​សុំ​សិទ្ធិ​ធ្វើ​ចរាចរណ៍ហើយ នៅ​​រង់ចាំតែ​​សេចក្តី​សម្រេច​ពី​អាជ្ញាធរប៉ុណ្ណោះ។ ហើយ​ទន្ទឹម​គ្នា​នេះ​នៅ​អឺរ៉ុប ក្រុមហ៊ុន​អង់គ្លេស AstraZeneca បាន​ប្រកាស​អំពីលទ្ធផលសាកល្បង​​ថ្នាំបង្ការ​កូវីដ​របស់​ខ្លួនដែរ។ ថ្នាំ​បង្ការ​ទីបី​នេះ ​មាន​ប្រសិទ្ធភាពតែ​ត្រឹម​៧០% ពោល​គឺ​​​​ទាប​ជាង​ថ្នាំ​បង្ការ​របស់ Pfizer/BioNTech និង​ Moderna របស់អាមេរិកមែន តែ​ទំនងជាមាន​តម្លៃ​ទាបជាង​ និង​​ងាយស្រួល​ប្រើ​ជាង។

 ​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុនអង់គ្លេស AstraZeneca ​ថ្ងៃ​ចន្ទ​ទី ២៣​វិច្ឆិកានេះ ជា​លទ្ធផល​បណ្តោះអាសន្ន នៃ​ការ​ ​សាកល្បងដំណាក់កាលទីបី ដែល​ជា​ដំណាក់កាល​ចុងក្រោយនោះ​ ​នៅ​ទូទាំង​ពិភពលោក ដូច​ជា​ក្នុង​ប្រទេស ​សហរដ្ឋ​អាមេរិក​ ​ប្រេស៊ីល ជប៉ុន រុស្ស៊ី អាហ្វ្រិក​ខាង​ត្បូង កេនយ៉ា​និង​អាមេរិក​ឡាទីន ។ល។

បើ​តាម​លទ្ធផលបណ្តោះ​អាសន្ន (មួយ​ភាគ)​​នៃការ​សាកល្បង​ទ្រង់ទ្រាយ​ធំ (៦ម៉ឺន​នាក់) ថ្នាំ​​បង្ការ​របស់​ក្រុមហ៊ុនអង់គ្លេស AstraZeneca សហការ​ជាមួយ​សាកលវិទ្យាល័យ Oxford មាន​ប្រសិទ្ធភាព​ត្រឹម​៧០%​ប៉ុណ្ណោះ មិន​ខ្ពស់​ដល់​លើស​៩០%​ដូច​ថ្នាំ​វ៉ាក់សាំង Pfizer/BioNTech និង​ Moderna ទេ។

ប៉ុន្តែ ថ្នាំ​វ៉ាក់សាំង​អង់គ្លេស ត្រូ​វបានផលិត​ឡើង​ដោយ​ប្រើ​បច្ចេកវិទ្យា​ ដែល​ធ្លាប់​ប្រើ​ពី​មុន​ ​មិន​ទំនើប​ថ្មីដូច​បច្ចេកវិទ្យាដែល​ក្រុមហ៊ុន​អាមេរិកទាំង​ពី​រ​ប្រើ​ទេ។ បើ​ប្រើបច្ចេកវិទ្យា​មិន​សូវ​ទំនើប មាន​ស្រាប់ តម្លៃ​នៃ​ការ​ផលិត​ក៏ត្រូវ​ទាប​ជាង​​ ហើយ​ជាពិសេស​ទៅ​ទៀត ការ​ទុក​ដាក់​និង​ដឹកជញ្ជូនចែកចាយ ក៏​ស្រួល​ជាង។ ថ្នាំ​វ៉ាក់សាំង​របស់​អង់គ្លេស មិន​ត្រូវ​ការ​ទូរកក​ដែល​ត្រជាក់​ខ្លាំង​មាន​សីតុណ្ហភាព​ដល់​-៧០​អង្សា ដូច​ថ្នាំ​បង្ការ​អាមេរិក Pfizer/BioNTech និង​ Moderna ទេ។ នេះ​ជា​គុណសម្បត្តិ​មួយ។

ចំពោះ​ប្រសិទ្ធភាព​វិញ។ ជាការ​ពិត ៧០%​ វាទាប​ជាង​៩០%ឆ្ងាយ​មែន​ហើយ តែ​ថ្នាំវ៉ាក់សាំង​ខ្លះ មាន​ជាអាទិ៍​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺគ្រុនផ្តាសាយ​ធំ​ មាន​ប្រសិទ្ធភាព​ត្រឹម​តែ​ប្រមាណ​៦០%​ផង។ ម្យ៉ាង​ទៀត នៅ​ក្នុង​​សេចក្តី​ថ្លែងការណ៍ មន្ទីរ​ពិសោធន៍អង់គ្លេស AstraZeneca ​បាន​អះអាង​ថា​ថ្នាំ​បង្ការ​ខ្លួន​មាន​ប្រសិទ្ធភាពការពារ​ពី​ជំងឺ​កូវីដ១៩​បាន​​ខ្ពស់​ណាស់ គ្មាន​អ្នក​បាន​ទទួល​ថ្នាំ​បង្ការ​សាកល្បង​ណាម្នាក់រង​​ផលរំខាន ឬ​មាន​អាការៈ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​តម្រូវ​ឱ្យ​មាន​ការ​ព្យាបាល​ទេ។ បើ​តាម​ការ​លម្អិត​ក្នុង​របាយការណ៍​ដដែល ប្រសិទ្ធភាព​ថ្នាំ​បាន​ឡើង​ដល់​ទៅ​៩០%​ដែរ ចំពោះ​ក្រុម​ដែល​បាន​ទទួល​ចាក់​ថ្នាំ​បង្ការ​កន្លះ​ដូស​ដំបូង និងមួយ​ដូស​ពេញ​នៅ​មួយ​ខែក្រោយ។ ចំណែកក្រុម​​អ្នក​ទទួល​​មួយ​ដូស​ពេញ ទាំង​លើក​ទី​មួយ​និង​លើក​ទីពីរ​​​វិញ ប្រសិទ្ធភាព​បាន​ធ្លាក់​ចុះ​មក​ត្រឹម​៦២%។ ក្រុមហ៊ុន​ AstraZeneca មិន​ពន្យល់​លម្អិត​អំពី​គន្លាត​ប្រសិទ្ធភាព​នេះ​ទេ។

ក្រុមហ៊ុន​អង់គ្លេស​សង្ឃឹម​ថា​នឹង​អាច​ដាក់​ពាក្យ​សុំ​សិទ្ធិ​ធ្វើ​ចរាចរណ៍​ និង​ប្រើប្រាស់​ថ្នាំ​បង្ការ​នេះ នៅក្នុង​ពេល​ឆាប់ៗ។ ដោយ​សារ​តែ​ថ្នាំ​វ៉ាក់សាំង​នេះ​មាន​ភាព​ងាយ​ស្រួល ក្នុង​ការ​ទុក​ដាក់​និង​ចែកចាយ ​ពិភពលោក​នឹងអាច​ទទួល​​ថ្នាំ​វ៉ាក់សាំង​អង់គ្លេស​បាន​ ​ក្នុង​បរិមាណ ៣ពាន់​លាន​ដូស នៅក្នុង​អំឡុង​​ឆ្នាំ​២០២១។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុមហ៊ុន

រដ្ឋមន្ត្រីក្រសួង​សុខាភិបាលអង់គ្លេស​បាន​សម្តែង​មោទនភាព​ និង​ភាពរីករាយ​យ៉ាង​ខ្លាំង ចំពោះ​លទ្ធផលគួរ​ជា​ទី​សង្ឃឹម​នេះ ដោយ​អះអាង​ថា ក្រៅ​ពី​មានប្រសិទ្ធភាព​ខ្ពស់ និង​ប្រាកដ​ ថ្នាំ​វ៉ាក់សាំង ជា​របស់​អង់គ្លេស ផលិត​នៅ​អង់គ្លេស និង​មិន​ត្រូវ​ការ​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​ទាប​ខ្លាំង​ ដូច​ថ្នាំ​របស់​ក្រុមហ៊ុនអាមេរិក​ទៀត។

សហរដ្ឋ​អាមេរិក​នឹង​មានភាព​ស៊ាំ​រួម​នៅ​ខែ​ឧសភា ២០២១

រដ្ឋាភិបាល​អាមេរិក​សង្ឃឹម​ថា នឹង​អាច​បើក​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​កូវីដ​១៩ ទ្រង់ទ្រាយ​ធំ នៅ​មុន​ពាក់កណ្តាលខែ​ធ្នូ​ តែម្តង ហើយ​ដល់​ដាច់​ឆ្នាំ​មាន​ពលរដ្ឋ​ ២០​លាន​នាក់បាន​ចាក់។

ឥលូវនេះ ក្រុមហ៊ុនមន្ទីរពិសោធន៍ ​ Pfizer/BioNTech បាន​ដាក់ពាក្យ​សុំ​​ជា​ផ្លូវការ​ហើយ។ គណៈកម្មការ​ទទួល​បន្ទុក​ថ្នាំបង្ការ ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី ១០​ធ្នូ។ ក្រោយ​ជំនួប​ប្រជុំ​ពិគ្រោះ​យោបល់​គ្នារួច ​ភ្នាក់ងារ​ឱសថអាមេរិក FDA នឹងផ្តល់​សេចក្តី​សម្រេចថា​ផ្តល់​អាជ្ញាបណ្ណ​ឱ្យ​ធ្វើ​ចរាចរណ៍​ថ្នាំ បង្ការនេះ​ឬ​អត់ នៅ​រវាង​ថ្ងៃ​១១ ឬ ១២ ធ្នូ។

បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​គ្រប់គ្រង​ថ្នាំ​បង្ការលោក Moncef Slaoui រដ្ឋាភិបាល​មាន​ផែនការ​ចាក់​ថ្នាំ វ៉ាក់សាំង​ភ្លាម តែ​ ​២៤​ម៉ោង​ក្រោយ​សេចក្តី​សម្រេច​របស់​ FDA ។ បើ​តាម​​​ល្បឿននៃ​យុទ្ធនាការ​ចាក់​ថ្នាំបង្ការទ្រង់ទ្រាយ​ធំនេះ សហរដ្ឋ​អាមេរិក​​នឹងអាច​​ចាក់​ឱ្យ​ប្រជាពលរដ្ឋ​បាន​២០​លាន​នាក់ ក្នុង​រយៈ​ពេល​កន្លះ​ខែ​ដំបូង និង​ ហើយ​នៅ​ខែ​ឧសភា២០២១ ពលរដ្ឋ​អាមេរិក​ចំនួន ៧០% បាន​ទទួល​ថ្នាំ​បង្ការ។ ហើយ​ជា​មួយ​នឹង​ប្រសិទ្ធភាព​ថ្នាំ​វ៉ាក់សាំងដល់​៩៥% ពលរដ្ឋ២៣១​លាននាក់ ក្នុង​ចំណោមពលរដ្ឋ​សរុប​៣៣០​លាននាក់ បានចាក់​ថ្នាំបង្ការ ​អាមេរិក​នឹង​មាន​ភាព​ស៊ាំរួម នឹង​វីរ៉ុស​ ដែល​ជា​ភ្នាក់ងា​រ​បង្កជំងឺ​កូវីដ១៩ immunité collective ​​។ បើ​ពលរដ្ឋ​ភាគ​ច្រើន​មាន​អង់ទី ករ ហើយ​បាន​ន័យ​អាមេរិក​លែង​ប្រឈម​នឹង​ការ​រាតត្បាត​របស់​​​​ជំងឺ​កូវីដ១៩ទៀតហើយ។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា មានប្រជាពលរដ្ឋ​អាមេរិក​ដល់​ពាក់​កណ្តាល​បាន​អះអាង​មិន​ចាក់ថ្នាំ​បង្ការ​ជំងឺ​កូវីដ១៩​នេះ​ទេ៕