Alynana Media Cambodia
Icon Collap
clinic narit

លទ្ធផលបោះឆ្នោតក្រៅផ្លូវការ បង្ហាញថាលោក Prabowo ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី

Media LNN | Feb 15, 2024
លទ្ធផលបោះឆ្នោតក្រៅផ្លូវការ បង្ហាញថាលោក Prabowo ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី
Clinic narith

(ហ្សាការតា)៖ លោក Prabowo Subianto កាលពីយប់ថ្ងៃពុធ ទី១៤ ខែកុម្ភៈបានប្រកាសពីជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី បន្ទាប់ពីលទ្ធផលក្រៅផ្លូវការ បង្ហាញថាលោកនាំមុខដាច់លើគូប្រជែងរបស់លោកក្នុងការបោះឆ្នោតជុំទី១តែម្ដង ដោយមិនចាំបាច់មានការបោះឆ្នោតនៅជុំទី២នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

លោក Prabowo Subianto មានអាយុ ៧២ឆ្នាំ ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិ និងជាអតីតមេបញ្ជាការកុម្ម៉ង់ដូរពិសេសឥណ្ឌូណេស៊ីបានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតសកល ចំនួន ២ លើករួចមកហើយក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៩ តែចាញ់ទាំង២លើក។ បើតាមលទ្ធផលបោះឆ្នោតក្រៅផ្លូវការរាប់បាន៩៥ភាគរយ គិតត្រឹមកាលពីថ្ងៃពុធ លោក Prabowo និងដៃគូជាអនុប្រធានាធិបតីរបស់លោក គឺលោក Gibran Rakabuming Raka ជាកូនប្រុសរបស់ប្រធានាធិបតីចំាផ្ទះលោក Joko Widodo ទទួលបានសំឡេងគាំទ្រ ៥៨ភាគរយ ហើយ ដោយសារតែលោកទទួលបានសំឡេងគាំទ្រលើស ៥០ភាគរយ។ ដូច្នេះមានន័យថាមិនចាំបាច់មានការបោះឆ្នោតជុំទី២ ទៀតនោះទេ។​

ចំណែក គូប្រជែងរបស់លោក គឺលោក Anies Baswedan ទទួលបានសំឡេងគាំទ្រ ២៥ភាគរយ និងលោក Ganjar Pranowo ទទួលបានសំឡេងគាំទ្រ១៧ភាគរយ។ ប៉ុន្តែ គេនៅត្រង់ រង់ចាំការចេញផ្សាយលទ្ធផលបោះឆ្នោតផ្លូវការ នៅថ្ងៃទី២០ ខែមីនាខាងមុខ ខណៈមានការរំពឹងជាច្រើនថានឹងលទ្ធផលបោះឆ្នោតនឹងមិនមានការប្រែប្រួលអ្វីគួរឱ្យកត់សម្គាល់ឡើយ។

គួរបញ្ជាក់ថា ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ីនឹងត្រូវស្បថ ចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី នៅខែតុលា ឆ្នាំ២០២៤៕