រុស្ស៊ី៖ អង្គភាពផ្ដល់សេវាសង្រ្គោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែន បានបញ្ចេញរូបភាពកាលពីថ្ងៃចន្ទអំពីក្រុមអ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់អណ្ដាតភ្លើងបង្កឡើងដោយការវាយប្រហារមីស៊ីលលើរដ្ឋធានីរបស់ប្រទេសនេះ។
អង្គភាពផ្ដល់សេវាសង្រ្គោះបន្ទាន់របស់អ៊ុយក្រែន និយាយថា មនុស្សយ៉ាងហោចណាស់១៤នាក់ស្លាប់ និង៩៧នាក់រងរបួស ក្នុងការវាយប្រហារទាំងព្រឹកថ្ងៃចន្ទនៅទូទាំងអ៊ុយក្រែន ដែលជាការវាយប្រហារដាក់គោលដៅដ៏ធំបំផុត និងច្រើនកន្លែងបំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃដំបូងនៃសង្គ្រាម ។
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានព្រមានថា ការវាយប្រហារណាមួយបន្ថែមទៀតរបស់ភេរវករអ៊ុយក្រែន មកលើទឹកដីរុស្ស៊ី នឹងត្រូវជួបប្រទះការឆ្លើយតបដោយយោធាដ៏ខ្លាំងក្លា។ការថ្លែងបែបនេះ របស់លោកមានឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់លើរដ្ឋធានី Kiev និងតំបន់ជាច្រើនទូទាំងអ៊ុយក្រែន កាលពីព្រឹកថ្ងៃចន្ទ។
លោក Putin បានបញ្ជាក់ថា ទាហានរុស្ស៊ី បានបើកការវាយប្រហារដ៏ធំដោយប្រើអាវុធបាញ់ស៊ីបគោលដៅរយៈចម្ងយាឆ្ងាយ លើទីតាំងថាមពល ការគ្រប់គ្រងផ្នែកយោធានិងទំនាក់ទំនងរបស់អ៊ុយក្រែន ។
ការឆ្លើយតបនេះ កើតឡើង២ថ្ងៃ បន្ទាប់ពីការបំផ្ទុះដែលបានបំផ្លិចបំផ្លាញស្ពានយុទ្ធសាស្ត្រ គ្រីម៉េ ដែលក្រុមមន្ត្រីក្នុងទីក្រុង Kiev អះអាងថាខ្លួនជាអ្នកវាយប្រហារ។
ទីក្រុង Moscow និយាយថា ការវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែន បានសម្រេចគោលដៅរបស់ខ្លួនហើយ។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយថា ការវាយប្រហារទាំងនោះ បានបណ្ដាលឲ្យបាត់បង់ទាហានអ៊ុយក្រែនជាង៤០នាក់ រថក្រោះ៥គ្រឿង យាន្តប្រយុទ្ធ៤គ្រឿង និងរថយន្តដឹកសម្ភារៈ១៥គ្រឿង៕