Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា-ថៃ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងព្រំដែន «QR Code» ជាផ្លូវការហើយ

Media LNN | Jun 12, 2023
កម្ពុជា-ថៃ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងព្រំដែន «QR Code» ជាផ្លូវការហើយ
Clinic narith

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលរបស់ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវការទូទាត់ឆ្លងព្រំដែនតាមរយៈឃ្យូអរកូត (QR Code) រវាងព្រះរាជាណាចក្រទាំងពីរ។ នេះបើតាមការប្រកាសរបស់ធនាគារកណ្តាលថៃ និងធនាគារជាតិនៃកម្ពុជា។
បើតាមធនាគារជាតិនៃកម្ពុជា ចាប់ពីពេលនេះតទៅ ប្រជាជនថៃដែលមានគណនីជាប្រាក់បាតរបស់ប្រទេសថៃ អាចទូទាត់ប្រាក់ដោយស្កេនឃ្យូអរកូដទៅកាន់ពាណិជ្ជករ ឬនៅហាងទំនិញប្រមាណ ១,៥លានកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។ ការដាក់ឱ្យដំណើរការគម្រោងនេះ ត្រូវបានធនាគារជាតិរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍សម្រាប់លើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រួលការធ្វើពាណិជ្ជកម្មឆ្លងដែន និងកំណើនភ្ញៀវទេសចរ។នេះគឺជាដំណាក់កាលទីពីរហើយ នៃកិច្ចសហការរវាងធនាគារកណ្តាលនៃប្រទេសទាំងពីរ ខណៈដំណាក់កាលទី១ បានដាក់ឱ្យអនុវត្តរួចហើយ ដោយប្រជាជនកម្ពុជា អាចស្កេនឃ្យូអរកូដនៅប្រទេសថៃ ដែលបានដាក់ឱ្យដំណើរការជាផ្លូវការ ក្នុងកិច្ចប្រជុំទ្វេភាគីរវាងធនាគារគណ្តាលនៃប្រទេសទាំងពីរ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ នៅក្នុងប្រទេសថៃ។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រាប់ SBM News តាមសារតេឡេក្រាមថា ការដែលកម្ពុជាបង្កើនកិច្ចសហការទូទាត់ឆ្លងដែនរវាងកម្ពុជា ទៅក្រៅប្រទេសដូច្នេះ គឺជាភាពវិជ្ជមានមួយ ឈានទៅរកឯករាជ្យភាពនៃការទូទាត់ហិរញ្ញវត្ថុ ដោយពុំចាំបាច់ពឹងផ្អែកលើប្រព័ន្ធទូទាត់របស់ប្រទេសធំៗ។ ជាក់ស្តែង កិច្ចសហការជាមួយប្រទេសក្បែរខាងកម្ពុជាមួយនេះ នឹងសម្រួលដល់ការទូទាត់ទៅវិញទៅមក ដោយមិនចាំបាច់ត្រូវការឱ្យពលរដ្ឋប្តូរជាសាច់ប្រាក់ច្រើនឡើយ។ គេអាចកត់សម្គាល់បានថា ទោះបីជាប្រទេសនានា បានចេញនូវប្រព័ន្ធទូទាត់ រូបិយបណ្ណឌីជីថលដោយធនាគារកណ្តាលរៀងៗខ្លួនក៏ដោយចុះ ដូចមានប្រព័ន្ធទូទាត់បាគង(Bakong) របស់កម្ពុជាជាដើម ប៉ុន្តែប្រតិបត្តិការដែលភ្ជាប់ធនាគារកណ្តាល និងធនាគារកណ្តាលពីរផ្សេងគ្នាឆ្លងកាត់ព្រំដែន គឺពុំសូវជាមានទូលំទូលាយទេ។ ហេតុនេះភាគីថៃរំពឹងថា កិច្ចសហការជាមួយកម្ពុជានាពេលនេះ នឹងជំរុញប្រតិបត្តិការរវាងធនាគារកណ្តាលឱ្យបានច្រើនជាងមុន។
សូមជម្រាបថា បច្ចុប្បន្នការទូទាត់ឆ្លងព្រំដែន កំពុងត្រូវបានជំរុញកាន់តែខ្លាំងនៅក្នុងចំណោមបណ្ដាប្រទេសនៃតំបន់អាស៊ាន ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ប្រទេសអាស៊ានចំនួន៥ រួមមាន៖ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងសិង្ហបុរី ក៏បានចុះអនុស្សរណៈយោគយល់គ្នា សម្រាប់ការទូទាត់ឆ្លងព្រំដែនក្នុងកម្រិតតំបន់ផងដែរ។ ការទូទាត់ឆ្លងព្រំដែន នឹងបើកផ្លូវឱ្យមានការទូទាត់ជាមួយរូបិយបណ្ណក្នុងស្រុករបស់ប្រទេសនីមួយនៅក្នុងប្រទេសជាដៃគូ ដោយមិនចាំបាច់ប្ដូរប្រាក់ ទៅជាប្រាក់ដុល្លារអាម៉េរិកនោះទេ៕

image-1078-2

image-1077-1024x576-4