Alynana Media Cambodia
Icon Collap
clinic narit

ប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung Elec បានធ្លាក់ចុះ៩៥%ក្នុងត្រីមាសទី២

Media LNN | Jul 29, 2023
ប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung Elec បានធ្លាក់ចុះ៩៥%ក្នុងត្រីមាសទី២
Clinic narith

ក្រុមហ៊ុន Samsung Electronics បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី២៧ កក្កដាថា ប្រាក់ចំណេញប្រចាំត្រីមាសទី២របស់ខ្លួនបានធ្លាក់ចុះ ៩៥% ដោយសារការបន្តធ្លាក់ចុះឧស្សាហកម្មបន្ទះឈីប បើទោះបីជាំ ក្រុមហ៊ុននេះ បានកាត់បន្ថយផលិតកម្មមួយចំនួនក៏ដោយ។

ទោះយ៉ាងណា ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងមួយនេះរំពឹងថា ទីផ្សារបន្ទះឈីបអង្គចងចាំ នឹងមានភាពភាពប្រសើរឡើងជាបណ្ដើរៗឡើងវិញនៅឆមាសទី២នៅឆ្នាំនេះ ដែលអាចនឹងនាំឲ្យ​ក្រុមហ៊ុនពិចារណាឡើងវិញ អំពីផែនការកាត់បន្ថយផលិតកម្មរបស់ខ្លួននៅក្នុងឧស្សាហកម្មនេះផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ក្រុមហ៊ុន Samsung Electronics ដែលផលិតបន្ទះឈីបនិងស្មាតហ្វូនដ៏ធំបំផុតនៅក្នុងពិភពលោក​បាននិយាយថា ប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនបានធ្លាក់ចុះមកនៅត្រឹម ៥២៧លានដុល្លារប៉ុណ្ណោះ សម្រាប់ត្រីមាសចាប់ពីខែមេសាដល់ខែមិថុនា ដោយបានធ្លាក់ចុះពីប្រាក់ចំណេញជាង ១១ពាន់លានដុល្លារដែលធ្លាប់មានកាលពីឆ្នាំមុន។

ក្រុមហ៊ុននេះបាននិយាយថា ប្រាក់ចំណូលសុទ្ធរបស់ខ្លួនបានធ្លាក់ចុះ ៨៦% មកនៅត្រឹមជាង ១ពាន់លានដុល្លារនៅក្នុងត្រីមាស ដែលបានបញ្ចប់នៅក្នុងខែមិថុនា។ ប៉ុន្តែតួលេខនេះនៅតែខ្ពស់ជាងការប៉ាន់ប្រមាណជាមធ្យមចំនួនជាង ៧០០លានដុល្លារ ដោយសារការធ្លាក់ថ្លៃប្រាក់វ៉ុនរបស់កូរ៉េ។ កាលពីដើមខែនេះ ក្រុមហ៊ុន Samsung បានរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណូលប្រចាំត្រីមាសដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។មិនមែនតែក្រុមហ៊ុន Samsungទេ ដែលប្រឈមជួបញ្ហាធ្លាក់ចុះប្រាក់ចំណូល ក្រុមហ៊ុនផលិតឈីបដ៏ធំរបស់ពិភពលោកមួយទៀត គឺ ក្រុមហ៊ុន TSMC របស់តៃវ៉ាន់ ក៏បានបន្ទាប់ផែនការលក់ប្រចាំឆ្នាំរបស់ខ្លួនផងដែរ ដោយបានព្រមានអំពីការចំណាយច្រើនលើបញ្ហាប្រឈមមួយចំនួន ខណៈដែលតម្រូវការជាសកលមានការធ្លាក់ចុះ។

ទាក់ទងនឹងឧស្សាហកម្មបន្ទះឈីបនេះដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី ហ្គីណា រ៉ៃម៉ុនដូ (Gina Raimondo) បាននិយាយកាលពីថ្ងៃទី២៦កក្កដាថា រដ្ឋបាលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកកំពុងស្វែងរកការគ្រប់គ្រងតាមគោលដៅយ៉ាងប្រុងប្រយ័ត្នទៅលើការនាំចេញទៅប្រទេសចិន ប៉ុន្តែវិធានការទាំងនេះនឹងធ្វើឱ្យក្រុមហ៊ុនខ្លះខាតបង់ប្រាក់ចំណូលមួយចំនួន។

កាលពីសប្តាហ៍មុននាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីបរបស់សហរដ្ឋអាមេរិកបានជួបជាមួយមន្ត្រីរដ្ឋបាលកំពូលៗរបស់លោក បៃដិន រួមទាំងលោកស្រី រ៉ៃម៉ុនដូ ផងដែរ ដើម្បីពិភាក្សាពីគោលនយោបាយរបស់ប្រទេសចិនខណៈដែលក្រុមអ្នកបញ្ចុះបញ្ចូលខាងបន្ទះឈីបដ៏មានឥទ្ធិពលបំផុតបានជំរុញឱ្យបញ្ឈប់ការទប់ស្កាត់បន្ថែមទៀត ។

លោកស្រី រ៉ៃម៉ុនដូ បាននិយាយថា រដ្ឋបាលលោក បៃដិន នឹងជួបជាមួយក្រុមហ៊ុននានា ដើម្បីស្វែងរកដំណោះស្រាយត្រឹមត្រូវមួយចៀសវាងពួកគេធ្វើឱ្យខូចពាណិជ្ជកម្មអាមេរិក ប៉ុន្តែគឺដើម្បីការពារសន្តិសុខជាតិអាមេរិកតែប៉ុណ្ណោះ។

កាលពីឆ្នាំមុន ប្រទេសចិនបានចំណាយប្រាក់ចំនួន១៨០ពាន់លានដុល្លារ ដើម្បីទិញបន្ទះឈីប គឺជិតស្មើនឹងមួយភាគបីនៃចំនួនសរុបជាង ៥៧៤ពាន់លានដុល្លារនៅទូទាំងពិភពលោក និងជាទីផ្សារធំបំផុតតែមួយគត់នៅក្នុងពិភពលោកផងដែរ។ នេះបើតាមសមាគមឧស្សាហកម្មបន្ទះឈីប៕