ក្រុមហ៊ុន Samsung Electronics នឹងវិនិយោគ ២៣០ ពាន់លានដុល្លារនៅឆ្នាំ ២០៤២ សម្រាប់រោងចក្រផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូង
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung Electronics រំពឹងថានឹងវិនិយោគប្រាក់ ២៣០ ពាន់លានដុល្លារក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍអ្វីដែលរដ្ឋាភិបាលរបស់ប្រទេសនេះហៅថា មូលដ្ឋានផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក ស្របតាមកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឧស្សាហកម្មបន្ទះឈីបជាតិ។
យោងតាមការចេញផ្សាយដោយបណ្តាញសារព័ត៌មានរ៉យទ័រ គម្រោងតម្លៃប្រហែល ៣០០ ពាន់ពាន់លានវ៉ុនរបស់ក្រុមហ៊ុន Samsungនេះ គឺជាផ្នែកមួយនៃផែនការវិនិយោគក្នុងវិស័យឯកជនចំនួន ៥៥០ ពាន់ពាន់លានវ៉ុន ដែលបានបង្ហាញដោយរដ្ឋាភិបាលកាលពីថ្ងៃពុធសប្តាហ៍មុន។ យុទ្ធសាស្ត្ររបស់ទីក្រុងសេអ៊ូល មានគោលបំណងពង្រីកការឈប់បង់ពន្ធ និងការគាំទ្រដើម្បីបង្កើនការប្រកួតប្រជែងនៃវិស័យបច្ចេកវិទ្យាខ្ពស់ រួមទាំងផ្នែកដែលពាក់ព័ន្ធនឹងបន្ទះឈីប អេក្រង់ និងថ្ម។ផែនការនេះកើតឡើងនៅពេលដែលប្រទេសផ្សេងទៀតណែនាំជំហានដើម្បីជំរុញឧស្សាហកម្មបន្ទះឈីបក្នុងស្រុក រួមទាំងសហរដ្ឋអាមេរិកដែលកាលពីខែមុនបានចេញផ្សាយព័ត៌មានលម្អិតនៃច្បាប់បន្ទះឈីប CHIPS របស់ខ្លួនដោយផ្តល់ការឧបត្ថម្ភធនរាប់ពាន់លានដុល្លារសម្រាប់អ្នកផលិតបន្ទះឈីបដែលវិនិយោគនៅក្នុងប្រទេស។
លោកប្រធានាធិបតី Yoon Suk Yeol បាននិយាយកាលពីថ្ងៃពុធថា “សមរភូមិសេដ្ឋកិច្ចដែលទើបតែចាប់ផ្តើមជាមួយបន្ទះឈីប បានពង្រីក... ប្រទេសនានាកំពុងផ្តល់ការឧបត្ថម្ភធនទ្រង់ទ្រាយធំ និងការគាំទ្រផ្នែកពន្ធ”។ “យើងត្រូវតែគាំទ្រការវិនិយោគឯកជន ដើម្បីធានាឱ្យមានកំណើនបន្ថែមទៀត ... រដ្ឋាភិបាលត្រូវតែផ្តល់ទីតាំង ការស្រាវជ្រាវ និងអភិវឌ្ឍន៍ កម្លាំងពលកម្ម និងការគាំទ្រផ្នែកពន្ធ”។ ក្រសួងឧស្សាហកម្មក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបន្ថែមការផលិតរបស់ក្រុមហ៊ុន Samsung នឹងរួមបញ្ចូលរោងចក្រផលិតបន្ទះឈីបចំនួន ៥ និងវត្ថុធាតុដើមប្រមាណ១៥០មុខ គ្រឿងបន្លាស់ និងឧបករណ៍ផលិត នៃក្រុមហ៊ុនផលិតបន្ទះឈីប និងអង្គការស្រាវជ្រាវ អភិវឌ្ឍន៍ semiconductor នៅជិតទីក្រុងសេអ៊ូល។ បន្ថែមពីលើការវិនិយោគលើវិស័យឯកជន រដ្ឋាភិបាលនឹងចំណាយថវិកាចំនួន ២៥ ពាន់ពាន់លានវ៉ុនស្មើនឹងជាង១៩ពាន់លានដុល្លារ ឬច្រើនជាងនេះក្នុងរយៈពេល ៥ ឆ្នាំសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រដូចជា បញ្ញាសិប្បនិម្មិត។ លើសពីនេះរដ្ឋាភិបាលក៏នឹងផ្តល់ ៣៦០ពាន់លានវ៉ុន សម្រាប់កាអភិវឌ្ឍការវេចខ្ចប់បន្ទះឈីប និងប្រហែល ១០០ ពាន់លានវ៉ុននៅក្នុងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងទឹកនៅឆ្នាំនេះសម្រាប់បរិវេណឧស្សាហកម្ម។