ថ្មីៗនេះ ក្រុមហ៊ុន Samsung Electronics បានបង្ហាញការរំពឹងទុកថា ប្រាក់ចំណេញនៅត្រីមាសទី ២ ឆ្នាំនេះ អាចនឹងបន្តធា្លក់ចុះដល់ជាង ៩៥% ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយ:ពេល ១៤ ឆ្នាំចុងក្រោយ ដោយសារតែវិបត្តិបន្ទះឈីប Semiconductors សកលនៅតែបន្តអូសបន្លាយ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មស្នូលរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ បាននិយាយនៅក្នុងឯកសារមួយថា ប្រាក់ចំណេញប្រតិបត្តិការ ចាប់ពីខែមេសាដល់ខែមិថុនា ត្រូវបានរំពឹងថានឹងធ្លាក់ចុះដល់ ៩៥,៧% មកនៅត្រឹមចំនួន ៦០០ពាន់លានវ៉ុន (៤៥៨លានដុល្លារ) ប៉ុណ្ណោះ។
ហើយសម្រាប់ចំនួននេះ នឹងក្លាយជាប្រាក់ចំណេញទាបបំផុតរបស់ពួកគេ មិនធ្លាប់មានចាប់តាំងពីត្រីមាសទី ១ ឆ្នាំ ២០០៩ មក នៅពេលដែលខ្លួនទទួលបានប្រាក់ចំណេញចំនួន ៥៩០ពាន់លានវ៉ុន អំឡុងពេលនោះ។ នេះបើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung បានប្រាប់ទៅកាន់ AFP ។
ជម្រាបជូនផងដែរថា ក្រុមហ៊ុនផលិតបន្ទះឈីប Samsung Electronics ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនមេ Samsung Group មួយនេះ បានជួបប្រទះនូវផលវិបាកយ៉ាងខ្លាំង ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែតម្លៃដើមនៃការផលិតបានកើនឡើងខ្ពស់ នៅចំពេលសេដ្ឋកិច្ចពិភពលោកបន្តធ្លាក់ចុះ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការលក់បន្ទះឈីបអង្គចងចាំរបស់ខ្លួន៕