បង់ក្លាដេស៖ បាតុករបង់ក្លាដេសរាប់ម៉ឺននាក់បាននាំគ្នាប្រមូលផ្តុំនៅតាមដងផ្លូវក្នុងរដ្ឋធានី Dhaka ចាប់តាំងពីថ្ងៃសៅរ៍កន្លងទៅដើម្បីសម្តែងការមិនពេញចិត្តទៅនឹងការដឹកនាំរបស់រដ្ឋាភិបាល ដោយបានជំរុញឱ្យធើ្វការរំលាយសភាតំណាងរាស្រ្តដើម្បីរៀបចំការបោះឆ្នោតថ្មីមួយឡើង រួមនិងទាមទារឱ្យលោកស្រីនាយករដ្ឋមន្រ្តី Sheikh Hasina ចុះចេញពីតំណែងផងដែរ។
បាតុកម្មតវ៉ាដ៏ធំដែលនឹកស្មានមិនដល់នៅពេលនេះ ត្រូវបានរៀបចំឡើងដោយគណបក្សជាតិនិយមបង់ក្លាដេស (BNP) ដែលជាបក្សប្រឆាំងដ៏ធំបំផុតមួយនៅក្នុងប្រទេស បានធ្វើការចោទប្រកាន់រដ្ឋាភិបាលរបស់លោកស្រី Hasina ថាបានបរាជ័យក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ ដែលពាក់ព័ន្ធទៅនឹងការបន្ដកើនឡើងនូវតម្លៃប្រេងឥន្ធនៈ រួមនិងទំនិញប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ។
ដោយឡែកសម្រាប់ភាគីបក្សកាន់អំណាចរបស់លោកស្រី Hasina បានចាត់ទុកក្រុមមេដឹកនាំរបស់បក្សប្រឆាំង BNP ថា "ជាក្រុមភេរវករដែលកំពុងព្យាយាមបង្កបញ្ហាអសន្ដិសុខក្នុងប្រទេស" ហើយនិងបានធើ្វការព្រមានទៅដល់ពលរដ្ឋរបស់ខ្លួនអំពីផលវិបាកនៅថ្ងៃអនាគតប្រសិនបើគណបក្សកាន់អំណាចមួយនេះ ពិតជាមានឱកាសអាចឡើងមកដឹកនាំប្រទេសបង់ក្លាដេសមែននោះ។
ការប្រមូលផ្តុំគ្នាតវ៉ាដ៏ធំរបស់ពលរដ្ឋបង់ក្លាដេសភាគច្រើនគឺជាក្រុមអ្នកគាំទ្ររបស់គណបក្សប្រឆាំង BNP នៅពេលនេះ គឺបានកើតឡើងនៅក្រោយពីស្ថានការណ៍នយោបាយនៅក្នុងប្រទេសមួយនេះកាន់តែមានសភាពតានតឹងខ្លាំង បន្ទាប់ពីអាជ្ញាធររដ្ឋាភិបាលបង់ក្លាដេសបានធើ្វការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងសំខាន់ៗចំនួន ២រូប ដោយមិនបានបញ្ជាក់អំពីមូលហេតុច្បាស់លាស់។
គណបក្សសម្ព័ន្ធ Awami បង់ក្លាដេស ជាបក្សកំពុងកាន់អំណាចរបស់លោកស្រីនាយករដ្ឋមន្រ្តី Hasina បានឡើងមកកាន់អំណាចចាប់តាំងពីឆ្នាំ ២០០៩ ដោយបានបន្ដឈ្នះការបោះឆ្នោតជាតិចំនួន ៣ លើកជាប់ៗគ្នា បូករួមទាំងការបោះឆ្នោតជាតិលើកចុងក្រោយកាលពីឆ្នាំ ២០១៨ កន្លងទៅ បើទោះបីជាធ្លាប់មានការចោទប្រកាន់អំពីការក្លែងបន្លំសន្លឹកឆ្នោតយ៉ាងណាក៏ដោយ៕
ប្រភព៖ CNN