Alynana Media Cambodia
Icon Collap
clinic narit

តើវិស័យ SME កម្ពុជា ត្រូវពង្រឹងខ្លួនបែបណា ដើម្បីបង្កើនភាពប្រកួតជែង និងចាប់យកឪកាសនាំចេញ?

Media LNN | Aug 26, 2024
តើវិស័យ SME កម្ពុជា ត្រូវពង្រឹងខ្លួនបែបណា ដើម្បីបង្កើនភាពប្រកួតជែង និងចាប់យកឪកាសនាំចេញ?
Clinic narith

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសហគ្រាសធុនតូច និងមធ្យម(SME) គឺជាវិស័យអាទិភាពមួយ ដែលជាឆ្អឹងខ្នងក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ តែយ៉ាងណាសហគ្រាសធុនតូច និងមធ្យមជាច្រើននៅតែបន្តស្ថិតនៅក្រៅប្រព័ន្ធ ដែលធ្វើឱ្យសមត្ថភាពនៃការផលិត និងការប្រកួតប្រជែងរបស់សហគ្រាសទាំងនោះនៅមានកម្រិត បើធៀបនឹងបណ្តាប្រទេសជិតខាង។

ទន្ទឹមនឹងនេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើឱ្យម្ចាស់សហគ្រាសដែលមិនទាន់ចុះបញ្ជីទាំងនោះ គួរទៅចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានការបណ្តុះបណ្តាល និងការលើកទឹកចិត្តនានាពីរាជរដ្ឋាភិបាល។

 

នៅក្នុងកិច្ចសម្ភាសពិសេសជាមួយខេមបូណូមីស ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា បច្ចុប្បន្នវិស័យសហគ្រាសធុនតូច និងមធ្យម បានដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រកំណើនសេដ្ឋកិច្ច តួយ៉ាង SME បានរួមចំណែករហូតដល់ជាង៩៩% នៃអាជីវកម្មទាំងអស់នៅកម្ពុជា និងបានរួមចំណែកប្រមាណជាង៦៣% នៃផលិតផលក្នុងស្រុកសរុប ព្រមទាំងបានបង្កើតការងាររហូតប្រមាណជាង៧០% នៅក្នុងសេដ្ឋកិច្ចជាតិ។

នៅក្នុងអំឡុងវិបត្តិកូវីដ-១៩ កន្លងទៅ វិស័យ SME បានរងផលប៉ះពាល់យ៉ាងដំណំ ដែលជំរុញឱ្យ SME ជាង១ពាន់សហគ្រាសត្រូវបានបិទទ្វាក្នុងអំឡុងពេលនោះ។ ប៉ុន្តែមកទល់ពេលនេះមូលដ្ឋាននៃសហគ្រាសទាំងនោះ ក៏បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែងនៅក្នុងរយៈពេល៧ខែឆ្នាំ២០២៤ មាន SME ជាង៩៥០សហគ្រាស បានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ វិស័យ SME កម្ពុជានៅតែបន្តជួបប្រឈមនឹងបញ្ហាមួយចំនួន ដែលទាមទារឱ្យរាជរដ្ឋាភិបាលត្រូវបង្កើនការយកចិត្តទុកដាក់ និងចូលរួមដោះស្រាយបញ្ហាទាំងនោះ។ ជាមួយគ្នានេះ ឯកឧត្តម ហេង សុខគង់ ជំរុញឱ្យ SME ទាំងអស់ដែលមិនទាន់បានចុះបញ្ជី គួរមកចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការទទួលបានឱកាសលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ពោលគឺដើម្បីទទួលលទ្ធភាពបន្ថែមទាំងការបណ្តុះបណ្តាលជំនាញ ការស្វែងរកដើមទុន ការស្វែងរកទីផ្សារ និងការលើកទឹកចិត្តផ្នែកពន្ធជាដើម។

​សូមជម្រាប បើតាមការវាយតម្លៃរបស់ឯកឧត្តម ហេង សុខគង់ ការចុះបញ្ជីរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បច្ចុប្បន្នហាក់នៅមានកម្រិតតិចតួចនៅឡើយ តួយ៉ាងបើគិតតែចំពោះសហគ្រាសធុនតូច និងមធ្យមនៅក្នុងវិស័យកម្មន្តសាល មកទល់ពេលនេះមានចំនួនប្រមាណជាង៤ម៉ឺន៣ពាន់សហគ្រាសប៉ុណ្ណោះ ដែលបានចុះបញ្ជី ខណៈចំនួនសហគ្រាសធុន មីក្រូ តូច និងមធ្យមសរុបនៅទូទាំងប្រទេសមានរហូតដល់ជាង៧៥ម៉ឺន៣ពាន់សហគ្រាស​៕