ខណៈដែលជំងឺកូវីដ១៩ (COVID-19) កំពុងតែរាតត្បាតនៅគ្រប់ទ្វីបសរុបមានអ្នកឆ្លងកូវីដនៅលើពិភពលោកជិត ៣ លាននាក់ ហើយអ្នកស្លាប់កើនឡើងដល់ជាង ២០ ម៉ឺននាក់ ហើយគិតមកត្រឹមថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២០។ បើតាមទីភ្នាក់ងារ BBC មានប្រទេសជាច្រើនត្រូវបានបិទ ឬក៏មានបម្រាមគោចរការកំណត់ពេលវេលាមិនឲ្យដើរហើរ ឬក៏ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយទៀតជាដើម។
នៅក្នុងកាលៈទេសៈនេះគឺអ្នកបើកបរមានការប្រុងប្រយ័ត្នច្រើនជាងមុន ហើយដោយសារមានការភ័យខ្លាចជំងឺកូវីដ១៩សូម្បីតែមានការប៉ះពារគ្នាបន្តិចបន្តួច គឺមានការអធ្យាស្រ័យគ្នាហើយបើកទៅមុខទៀត។
ជាលទ្ធផលឃើញថាក្នុងអំឡុងពេលដែលកូវីដ១៩ចាប់ផ្តើមចេញចម្លងយ៉ាងលឿនតាំងពីដើមឆ្នាំមក គឺចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងពិភពលោកក្នុងរយៈពេល ៤ ខែដំបូងមានតែជិត ១២ ម៉ឺននាក់បើធៀបក្នុង ១ ឆ្នាំៗមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រមាណជា ១,៣ លាននាក់។
នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោកកាលពីថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២០។ ជាមួយគ្នានោះដែរមានការសិក្សាថ្មីមួយពីសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ាដាវីសបានបង្ហាញថា ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ នេះគ្រោះថ្នាក់ចរាចរណ៍ដោយសារបើកបរឡានបណ្តាលឲ្យមនុស្សស្លាប់ ក៏មានការធ្លាក់ចុះ ៥០ ភាគរយពី ៤០០ មកត្រឹមតែ ២០០ នាក់ទេ នៅលើមហាវិថីនៃរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកហើយទិន្នន័យនេះហាក់បីដូចជាឆ្លើយតបទូទាំងប្រទេសដែលមានការធ្លាក់ចុះដូចគ្នា។
ប៉ុន្តែបើតាមរបាយការណ៍ក្រសួងមហាផ្ទៃនៅក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២០ នេះគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានថយចុះ ១៥០ លើកស្មើនឹង ១៤% គឺចំនួនអ្នកស្លាប់ថយចុះ ២២០ នាក់ ស្មើនឹង ៤% និងរបួសថយចុះ ២៧៧ នាក់ស្មើនឹង ១៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ កន្លងមកនេះ។
រីឯចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បានធ្លាក់ចុះ ៣ ដងក្នុងពេលចូលឆ្នាំចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ មេសាគឺបានធ្វើឱ្យមនុស្សស្លាប់ចំនួន ២០ នាក់ និងរបួសចំនួន ១២០ នាក់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលពលរដ្ឋមានសេរីភាពក្នុងការធ្វើដំណើរដោយគ្មានការហាមឃាត់នោះបានបណ្ដាលឲ្យមានមនុស្សស្លាប់ ៥៩ នាក់ និងរបួសធ្ងន់ស្រាលចំនួន ២៣៨ នាក់។
សំណួរសួរថា តើអ្នកបើកបរទាំងឡាយបាននិងកំពុងរៀនអ្វីខ្លះពីការប្រុងប្រយ័ត្ន និងវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នេះ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍?
១-ការកាត់បន្ថយការចេញមកក្រៅ ដោយសារស្ថាប័នខ្លះអនុញ្ញាតឲ្យធ្វើការអនឡាញពីផ្ទះមកបាន។ ហាងលក់ទំនិញតាមផ្លូវក៏ផ្អាកការលក់ចូលផ្លូវផងដែរ ខណៈដែលប្រេងសាំងធ្លាក់ថ្លៃជាង ១ ០០០ រៀល ក្នុង ១ លីត្រ។
២- ប៉ុស្តិ៍កុងត្រូលសមត្ថកិច្ចចម្រុះមានច្រើនតាមផ្លូវមានការពិនិត្យមើលរថយន្តដឹកទំនិញធំហ្មត់ចត់។
៣- រថយន្តដឹកមនុស្សច្រើនមិនបាន ដើម្បីរក្សាគម្លាត ខ្លាចប៉ូលិសផាក។
៤- ការដឹកកម្មកររោងចក្រ មានប័ណ្ណអនុញ្ញាតបញ្ជាក់ត្រឹមត្រូវចេញដោយមន្ទីរការងារ។
៥- អ្វីដែលអ្នកបើកបរមានអារម្មណ៍ភ័យខ្លាចខ្លាំងជាងគេនោះគឺថា ប្រសិនបើមានគ្រោះថ្នាក់ចូលសង្គ្រោះបន្ទាន់ខ្លាចទៅជាជួបអ្នកមានផ្ទុកជំងឺកូវីដ ១៩ ខ្លាចឆ្លងមេរោគ ព្រោះកន្លងមកមានការភ្ញាក់ផ្អើលនឹងជំងឺកូវីដ ១៩ នេះ គ្រាន់តែដឹងថា គេយកអ្នកជំងឺកូវីដមកសម្រាកពេទ្យណាមួយហើយ អ្នកជំងឺឈឺល្មមសុំជាចេញមុនកាលកំណត់។
៦- ឥឡូវចូលដល់ការអនុវត្តច្បាប់ចរាចរណ៍ថ្មីដែលដំឡើងប្រាក់ផាកពិន័យដល់ពី ៣ ទៅ ៤ ដង ចំពោះអ្នកបើកបរល្មើសច្បាប់ចាប់ពីថ្ងៃទី ១ ខែឧសភា តទៅ ហើយកុំឆ្លើយថាអត់ដឹងទៀត ច្បាប់ត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធសារព័ត៌មានផងតាមបណ្តាញសង្គមហ្វេសប៊ុកផង។
៧-ម្យ៉ាងវិញទៀតអ្នកបើកបរម៉ូតូវិញមានជំនឿថា បើកាលណាជិះម៉ូតូហើយពាក់មាស់ផង ពាក់មួកសុវត្ថិភាពផងគឺអាចការពារមេរោគកូវីដ ១៩ បានផងដែរ។
នេះគឺចំណុចល្អៗដែលមានទំនាក់ទំនងគ្នារវាងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការការពារជំងឺរាតត្បាតកូវីដ ១៩ ដែលពុំមានអ្នកស្លាប់ទេមានអ្នកឆ្លងតែ ១២២ នាក់ នៅទូទាំងប្រទេសមានអ្នកជាសះស្បើយចំនួន ១១៩ នាក់។ នេះបើតាមរបាយការណ៍បច្ចុប្បន្នភាពជំងឺកូវីដ ១៩ ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលបានចេញផ្សាយកាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០។
តែអ្វីដែលសំខាន់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ឲ្យនៅទ្រឹងរយៈពេល ២ សប្តាហ៍កន្លងមកនេះពុំមានករណីឆ្លងថ្មី និងពុំមានករណីឆ្លងមេរោគបង្កជាជំងឺកូវីដ១៩នៅក្នុងសហគមន៍នៅឡើយទេ ហើយអ្នកបើកបរគ្រប់ៗរូបគួរតែបន្តចងចាំ និងគិតពីការភ័យខ្លាចអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩ នេះ។
តែទោះបីជាយ៉ាងណា សាលារាជធានីភ្នំពេញគួរតែបន្តការរឹតត្បិត ការលក់ទំនិញនៅលើចិញ្ចើមផ្លូវដូចដែលធ្លាប់បានកំណត់ការអនុវត្តតាំងពីខែកក្កដាឆ្នាំ ២០១៩ មកម្ល៉េះ ដើម្បីចូលរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍តូចធំឲ្យខាងតែបាន។ ម្យ៉ាងវិញទៀតរាជរដ្ឋាភិបាល គួរតែបន្តការរឹតបន្តឹងចំពោះអ្នកបើកបរបុកគេបណ្តាលឲ្យស្លាប់ និងបើកបរដោយប្រើគ្រឿងញៀន និងប្រើប្រាស់គ្រឿងស្រវឹងធ្ងន់ធ្ងរលើសពីច្បាប់កំណត់នោះ៕