(វ៉ាស៊ីនតោន)៖ អាជ្ញាធរសុខាភិបាលប្រេស៊ីលបាននិយាយថា កញ្ចប់វ៉ាក់សាំង COVID-19 Sputnik V របស់រុស្ស៊ីមួយចំនួន ដែលបញ្ជូនមកកាន់ប្រទេស ប្រេស៊ីលមាន «ផ្ទុកវីរុសផ្ដាសាយនៅរស់»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។
អាជ្ញាធរសុខាភិបាលប្រេស៊ីលធ្វើការអះអាងខាងលើ នៅក្នុងការធ្វើបទបង្ហាញនៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីពន្យល់ពីការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្អាក
ការនាំចូលវ៉ាក់សាំង Sputnik V ជាបណ្ដោះអាសន្ន។
បើតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកជំនាញកំពូលផ្នែកវីរុសសាស្ត្រ លោកស្រី អ៊ែនជែឡា រ៉ាស្មូសិន (Angela Rasmussen) ការរកឃើញរបស់អាជា្ញធរសុខាភិបាលប្រេស៊ីល កំពុងត្រូវបានចោទសួរ អំពីដំណើរការនៃការផលិត និងបញ្ហាសុវត្ថិភាពសម្រាប់មនុស្ស ដែលមានសុខភាពទន់ខ្សោយ ប្រសិនបើវាត្រូវបានបញ្ជាក់ជាផ្លូវការថា ពិតជាបានកើតឡើងមែននោះ។ ក៏ប៉ុន្តែវិទ្យាស្ថានរុស្ស៊ី ហ្គាម៉ាឡេយ៉ា (Gamaleya) ដែលជាអ្នកអភិវឌ្ឍវ៉ាក់សាំង Sputnik V បានច្រើនចោលសេចក្ដីរាយការណ៍នេះ។
គួរបញ្ជាក់ថា វ៉ាក់សាំង Sputnik V របស់រុស្ស៊ីបានប្រើប្រាស់ទម្រង់វីរុស អាដេណូ (adenovirus vectors) ពីរប្រភេទផ្សេងគ្នា ក្នុងនោះគឺ adenovirus ប្រភេទ 26 (Ad26) សម្រាប់ដូសទី១ និង adenovirus ប្រភេទ ៥ (Ad5) សម្រាប់ដូសទី២។ ប៉ុន្តែអាជ្ញាធរសុខាភិបាលប្រេស៊ីលបាននិយាយថា នៅពេលធ្វើតេស្ដសំណាក
នៃការចាក់វ៉ាក់សាំងដូសបន្ថែម ពួកគេបានរកឃើញថា adenovirus នៅក្នុងរាងកាយមនុស្សនៅតែមានជីវិត និងបន្តធំធាត់៕