ស្ថាបនិក និងជានាយកប្រតិបត្តិ នៃកម្មវិធី Telegram ត្រូវបានចាប់ខ្លួនភ្លាមៗនៅប្រទេសបារាំង រួមទាំងអាចប្រឈមជាប់គុករយៈពេល ២០ឆ្នាំ ប្រសិនបើតុលាការរកឃើញថា ពិតជាមានកំហុសមែន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន BBC ចុះនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
ក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរបារាំង លោក Pavel Durov ត្រូវបានចោទប្រកាន់ពីបទ មិនបានចាត់វិធានការដើម្បីទប់ស្កាត់ការប្រើប្រាស់ Telegram បែបឧក្រិដ្ឋកម្ម និងបរាជ័យក្នុងការសហការជាមួយការអនុវត្តច្បាប់លើ ការក្លែងបន្លំ អំពើឆបោក ការជួញដូរគ្រឿងញៀន អំពើរំលោភបំពានផ្លូវភេទលើអនីតិជន និងសកម្មភាពខុសច្បាប់ផ្សេងៗទៀត ខណៈបច្ចុប្បន្នវេទិកានេះ មានអ្នកប្រើប្រាស់ជាប្រចាំរហូតដល់៩០០លាននាក់។
យ៉ាងណាមិញ បន្ទាប់ពីការចាប់ខ្លួន លោក Durov ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងតុលាការដើម្បីដោះស្រាយការចោទប្រកាន់នេះ។ ជុំវិញការចាប់ខ្លួននេះ ស្ថានទូតរុស្ស៊ីប្រចាំប្រទេសបារាំងមិនបានឆ្លើយបំភ្លឺថា ខ្លួនមានជាប់ពាក់ព័ន្ធ ឬអត់នោះទេ។
គួរជម្រាបផងដែរថា លោក Pavel Durov កើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៨៤ លើទឹកដីប្រទេសរុស្សី ប៉ុន្តែសព្វថ្ងៃ លោកបានផ្លាស់មករស់នៅទីក្រុង Dubai ជាកន្លែងដែលទីស្នាក់ការកណ្តាលរបស់ Telegram ស្ថិតនៅ ហើយកាន់សញ្ជាតិ២ គឺបារាំង និងអេមីរ៉ាតអារ៉ាប់រួម។ មិនតែប៉ុណ្ណោះលោកក៏ជាមហាសេដ្ឋីជួរមុខមួយរូបផងដែរ ខណៈគិតត្រឹមខែសីហានេះ លោកកាន់កាប់ទ្រព្យសម្បត្តិប្រមាណ ១៥.៥ពាន់លានដុល្លារឯណោះ យោងតាមការចេញផ្សាយរបស់គេហទំព័រ Time Magazine៕