ក្រុមហ៊ុនរថយន្តអគ្គិសនីតេស្លារបស់មហាសេដ្ឋីអាមេរិក Elon Musk គ្រោងនឹងបើករោងចក្រយក្សតម្លៃ ៥ពាន់លានដុល្លារនៅប្រទេសម៉ិកស៊ិកកូ។ នេះបើតាមការជូនដំណឹងទាំងខាងក្រុមហ៊ុនផ្ទាល់ និងពីខាងរដ្ឋាភិបាលប្រទេសម៉ិកស៊ិក។
លោក Elon Musk នាយកប្រតិបត្តិ និងជាស្ថាបនិករបស់ក្រុមហ៊ុនតេស្លាបាននិយាយកាលពីថ្ងៃពុធទី ១ ខែមីនាថា ក្រុមហ៊ុន Tesla នឹងបើករោងចក្រធំមួយនៅក្នុងប្រទេសម៉ិកស៊ិក ខណៈដែលរថយន្តអគ្គិសនីកំពុងដើរតួជំរុញដល់ការពង្រីកទិន្នផលជាសកលរបស់ខ្លួនយ៉ាងខ្លាំង។ Musk បាននិយាយនៅឯព្រឹត្តិការណ៍ Investor Day នៅទីក្រុង Austin រដ្ឋតិចសាស់ ថា Tesla នឹងបង្កើនទិន្នផលនៅគ្រប់ gigafactories របស់ខ្លួន។
តាមប្រភពប្រទេសពីរដ្ឋាភិបាលម៉ិកស៊ិកកាលពីថ្ងៃអង្គារបាននិយាយថា ក្រុមហ៊ុន Tesla បានជ្រើសរើសរដ្ឋព្រំដែនភាគខាងជើងនៃ Nuevo Leon ជាកន្លែងសម្រាប់សាងសង់រោងចក្រថ្មីមួយដែលមានតម្លៃជាង ៥ ពាន់លានដុល្លារដោយហៅវាថាជា “រោងចក្ររថយន្តអគ្គិសនីដ៏ធំបំផុតនៅក្នុងពិភពលោក”។
ក្រុមហ៊ុនបានដាក់ចេញនូវផែនការកាត់បន្ថយការចំណាយពាក់កណ្តាលលើការដំឡើងរថយន្តជំនាន់ក្រោយៗ និងពិភាក្សាអំពីភាពច្នៃប្រឌិតរបស់ខ្លួនក្នុងការគ្រប់គ្រងប្រតិបត្តិការពីការផលិតរហូតដល់សេវាកម្ម។ លោក Tom Zhu ប្រធានផលិតកម្មបាននិយាយនៅក្នុងព្រឹត្តិការណ៍នេះថា សមត្ថភាពសកលរបស់ក្រុមហ៊ុន Tesla គឺ ២ លានគ្រឿងក្នុងមួយឆ្នាំ។ ការប្រកាសរបស់ Musk គឺជាសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់ក្រុមហ៊ុន Tesla អំពីផែនការរបស់ខ្លួនសម្រាប់ប្រទេសម៉ិកស៊ិក បន្ទាប់ពីមានការរំពឹងទុកជាច្រើនខែ និងការហៅទូរស័ព្ទរវាងលោក Musk និងប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador ៕