បារំាង៖ បើផ្អែកតាមការចេញផ្សាយរបស់ក្រុមហ៊ុនកម្មន្តសាលបារំាង និងក្រុមហ៊ុនឧស្សាហកម្មភីធីឡែន(PT Len) ដែលត្រួតត្រាដោយរដ្ឋឥណ្ឌូណេស៊ីបានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីបានបញ្ជាទិញប្រព័ន្ធរ៉ាដាផ្នែកយោធារយៈចម្ងាយឆ្ងាយចំនួន១៣គ្រឿងពីស្ថាប័នឈ្មោះ ថាឡេស(Thales) ដើម្បីលើកកម្ពស់ការប្រឹងប្រែងតាមអង្កេតដែនអាកាសនៅពីលើតំបន់ប្រជុំកោះរបស់ខ្លួន។
ប្រព័ន្ធរ៉ាដានោះស្ថិតនៅក្នុងប្រភេទម៉ូដែល ហ្គ្រោនម៉ាស្ទ័រ ៤០០ អាល់ហ្វា(Ground Master 400 Alpha) ឬហៅកាត់ថា (GM400a)ដែលអាចឱ្យកងយោធាឥណ្ឌូណេស៊ីទទួលបានផលប្រយោជន៍ផ្តិតរូបភាពបានច្បាស់លាស់ និងវិភាគទិន្នន័យរបស់រូបភាពមានដូចជារូបភាពយន្តហោះប្រតិកម្ម មីស៊ីល ឧទ្ធម្ភាគចក្រ ហើយនិងយានអវកាសគ្មានមនុស្សបើកជាដើម នេះបើតាមការឱ្យដឹងរបស់ក្រុមហ៊ុនផលិតប្រព័ន្ធរ៉ាដា។
ដោយឡែកតម្លៃជាក់លាក់នៃកិច្ចព្រមព្រៀងទិញ មិនត្រូវបានគេបង្ហើបឱ្យដឹងឡើយ ដោយគ្រាន់តែបង្ហាញថា រ៉ាដាមួយគ្រឿងៗមានតម្លៃច្រើនលានដុល្លារអាម៉េរិកតែប៉ុណ្ណោះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនផលិតបានឱ្យដឹងបន្ថែមទៀតថា ប្រភេទរ៉ាដាចល័ត(GM400a)នេះអាចចាប់រូបភាពបានក្នុងរយៈចម្ងាយ៥១៥គីឡូម៉ែត្រ ដោយភ្ជាប់នឹងសមត្ថភាពបញ្ញាសិប្បនិម្មិត និងរក្សាបណ្តុំទិន្នន័យរូបភាពបានចំនួនច្រើន ដោយសារតែឧបករណ៍រ៉ាដានេះ ជាកំណែជំនាន់ចុងក្រោយបង្អស់។
ដោយយោងតាមស្ថាប័នថាឡេស(Thales) ដដែលបានឱ្យបន្ថែមទៀតថា ឧបករណ៍រ៉ាដាច្រើនជាង៨០គ្រឿងប្រភេទ(GM400 ) និងប្រភេទ(GM400a) បានលក់ចេញទៅឱ្យប្រទេសចំនួន១៩ប្រទេសហើយនៅទូទំាងសកលលោក៕