ទោះបីជាទើបមកថ្មីក្រោយគេក៏ពិតមែន ប៉ុន្តែកម្មវិធី Threads ហាក់បីដូចជាមានសន្ទុះប្រជាប្រិយយ៉ាងខ្លាំង ជាពិសេសស៊ីដាច់កម្មវិធីល្បីៗជាច្រើន ដូចជា ChatGPT និង TikTok ជាដើម ។Threads ត្រូវបានបញ្ចេញជាផ្លូវការដោយក្រុមហ៊ុន Meta នៅថ្ងៃ៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីផ្សារ ១០០ ប្រទេស ។ កម្មវិធីនេះ ត្រូវភ្ជាប់ជាមួយគណនី Instagram ហើយមិនតែប៉ុណ្ណោះ វាថែមទាំងមានលក្ខណៈស្រដៀងនឹង Twitter ផងដែរ ។ កាន់តែពិសេសទៀតនោះ Threads ចាយពេលត្រឹមតែ ៥ ថ្ងៃទាញប្រជាប្រិយបានដល់ ១០០ លានគណនី ។ចំពោះ ChatGPT ដែលជាកម្មវិធីបច្ចេកវិទ្យា AI Chatbot ចេញដំណើរការកាលពីខែធ្នូឆ្នាំមុន ដោយក្រុមហ៊ុន Open AI បានចំណាយពេលដល់ទៅ ២ ខែឯណោះ ទើបអាចទាញអ្នកប្រើប្រាស់បាន ១០០ លាននាក់ ។
ដោយឡែក កម្មវិធី TikTok ដ៏ពេញនិយមនាពេលបច្ចុប្បន្នវិញ ទាមទារពេលវេលារហូតដល់ទៅ ៩ ខែ ទើបទទួលបានអ្នកប្រើប្រាស់ ១០០ លានគណនី ។ក្រៅពីនេះ Instagram ទាមទារពេលរហូតដល់ ២ឆ្នាំ ៥ខែ, Facebook ត្រូវការជាង ៤ ឆ្នាំ ខណៈ Twitter ដែលកំពុងតែជាប្រធានបទក្តៅ ចាយពេលដល់ទៅជាង ៥ ឆ្នាំ ទើបទទួលបាន ១០០ លានគណនីដំបូង ៕