រថយន្ដ Toyota ប្រភេទ Pick-up និង SUV រួមមាន៖ TOYOTA HILUX និង TOYOTA FORTUNER នឹងត្រូវដំឡើងនៅក្នុងប្រទេសកម្ពុជាមុនគេនៅពេលដែលរោងចក្រដំឡើងរថយន្ដមួយនេះសាងសងរួចរាល់។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Toyota Cambodia កាលពីពេលកន្លងទៅ។
សូមជម្រាបថា កាលពីខែសីហា កន្លងទៅនេះ ក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតឡានជួរមុខនៅប្រទេសជប៉ុនមួយនេះ បានសម្រេចបោះទុនវិនិយោគជាង ៣៦ លានដុល្លារបង្កើតរោងចក្រដំឡើងឡានដំបូងរបស់ខ្លួននៅប្រទេសកម្ពុជា ដែលមានឈ្មោះថា Toyota Tsusho Manufacturing (Cambodia) Co., Ltd. (“TTMC”) មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ និងបានបង្កើតឱកាសការងារ ១៥០ កន្លែងផងដែរ។
ជាមួយគ្នានេះ យោងតាមប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា កន្លងទៅបានឲ្យដឹងថា គម្រោងរោងចក្រដំឡើងរថយន្ដ Toyota ខាងលើនេះ ក៏អាចនឹងបើកដំណើរការនៅក្នុងខែកក្កដានេះផងដែរ៕