ក្រុមហ៊ុន Twitter កំពុងមានស្ថានការណ៍មិនសូវជាល្អប៉ុន្មានឡើយ ពោលម្ចាស់ក្រុមហ៊ុន Elon Musk បានទម្លាយឲ្យដឹងថា ក្រុមហ៊ុនបណ្ដាញសង្គមចាបខៀវមួយនេះ កំពុងខាតបង់ចំណូលប្រហែល ៥០%។រំលឹកបន្តិចថា កាលពីចុងខែតុលាឆ្នាំទៅ មហាសេដ្ឋីអាមេរិកចាយលុយ ៤៤ពាន់លានដុល្លារ ទិញយកក្រុមហ៊ុន Twitter មកគ្រប់គ្រង ប៉ុន្តែតាំងពីក្លាយជាម្ចាស់ក្រុមហ៊ុនថ្មី Elon Musk បានកែប្រែច្បាប់ក្នុងក្រុមហ៊ុន និងរុះរើបុគ្គលិកជាន់ខ្ពស់អស់ជាច្រើននាក់។
លើសពីនោះ បណ្ដាញសង្គម Twitter ទទួលរងការរិះគន់ជាច្រើន ពោលបុគ្គលល្បីៗជាច្រើនរូប បានប្រកាសថា នឹងឈប់ប្រើបណ្ដាញសង្គមរបស់មេធំ Tesla តទៀត ក្រោយលោកដាក់ចេញនូវវិធានការបង់ប្រាក់ប្រចាំខែ សម្រាប់គណនីដែលមាន Verify សញ្ញាគ្រីស។
ជម្រាបបន្ថែមថា អំឡុងពេលស្ថានការណ៍កំពុងយ៉ាប់យ៉ឺននេះ Twitter ក៏ត្រូវមកប្រឈមនឹងគូប្រជែងថ្មីមួយទៀត គឺបណ្ដាញសង្គម Threads ដែលទើបនឹងបង្កើនឡើងដោយក្រុមហ៊ុន Meta Platforms ដែលស្ថាបនិក Mark Zuckerberg អះអាងថា នឹងដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ ហើយមិនទាន់គិតគូរលើការបង់ប្រាក់ពីអ្នកប្រើប្រាស់ឡើយ៕