ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (១ វិច្ឆិកា) ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរំជនភៀសខ្លួនដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា ស្រ្ទីប «អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម»។
ការវាយប្រហាររបស់អ៊ីស្រាអែល បានកំណត់គោលដៅលើជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia) ចំនួនពីរដងក្នុងរយៈពេលពីរថ្ងៃ ដោយបានបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសរាប់សិបនាក់ នេះបើយោងតាមក្រសួងសុខាភិបាលនៅក្នុងទឹកដីប៉ាឡេស្ទីន គ្រប់គ្រងដោយក្រុមហាម៉ាស។
ការិយាល័យសិទ្ធិមនុស្ស របស់UN បានសរសេរនៅលើបណ្ដាញសង្គម X ថា «ដោយសារចំនួនជនស៊ីវិលស្លាប់ និងរបួសច្រើន ព្រមទាំងទំហំដ៏ធំនៃការបំផ្លិចបំផ្លាញ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើជំរំជនភៀសខ្លួន ចាបាលីយ៉ា យើងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ប្រតិបត្តិការទាំងនេះគឺជាការវាយប្រហារមិនសមាមាត្រ ដែលអាចឈានដល់ឧក្រិដ្ឋកម្មសង្គ្រាម»។
សូមបញ្ជាក់ថា គោលការណ៍សមាមាត្រ ដែលអង្គការសហប្រជាជាតិសំដៅទៅលើនោះ ដើរតួនាទីសំខាន់ក្នុងច្បាប់សង្គ្រាម ដែលកំណត់ដោយអនុសញ្ញាទីក្រុងហ្សឺណែវ។ ឧក្រិដ្ឋកម្មនៃសង្រ្គាមមួយត្រូវបានប្រព្រឹត្តឡើង នៅពេលដែលការវាយប្រហារត្រូវបានធ្វើឡើងដោយចេតនាប្រឆាំងនឹងជនស៊ីវិល ឬប្រសិនបើទំហំនៃការខូចខាតដល់ជនស៊ីវិល គឺហួសប្រមាណបើប្រៀបធៀបទៅនឹងអត្ថប្រយោជន៍យោធា៕