Alynana Media Cambodia
Icon Collap
clinic narit

ទ័ពមួកខៀវកម្ពុជានៅលីបង់ បេសកកម្មទទួលបានការកោតសរសើរពី UN

Admin Alynana | Jun 25, 2022
ទ័ពមួកខៀវកម្ពុជានៅលីបង់ បេសកកម្មទទួលបានការកោតសរសើរពី UN
Clinic narith

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ពីលោកវរសេនីយ៍ឯក ចក់ ស៊ីថុល មេបញ្ជាការ កងអនុសេនាធំវិស្វកម្មពហុជំនាញ ក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ នៅថ្ងៃទី២៥ ខែមិថុនានេះ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ កងកម្លាំងមួកខៀវកម្ពុជា បានអនុវត្តការងារក្រោមឆ័ត្រអង្គការគឺបានទទួលបានលទ្ធផលជោគជ័យគ្រប់តាមផែនការរបស់ទីបញ្ជាការកម្លាំងបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីបង់ UNIFIL។

លោកវរសេនីយ៍ឯក ចក់ ស៊ីថុល បានឱ្យដឹងថា ២០សប្តាហ៍មកនេះ កម្លាំងមួកខៀវបោសសម្អាត​មីន​កម្ពុជា បានធ្វើការដោះមីនលើផ្ទៃដីនៅក្នុងតំបន់បេសកកម្មបានប្រមាណជិត ៣០០០ ម៉ែត្រការ៉េ បានរកឃើញគ្រាប់មីនប្រឆាំងថ្មើជើងប្រភេទភេទNo4 ចំនួន៣១១គ្រាប់ និងអំបែងចំនួន១១៥ដុំ។ ដោយឡែកក្រុមកម្ទេចគ្រាប់កែច្នៃរ EOD បានធ្វើការកម្ទេចគ្រាប់មីនប្រឆាំងថ្មើជើងចំនួន៤៧លើក ស្មើនឹង៣១១គ្រាប់។

ចំពោះការងារវិស្វកម្មវិញ លោក ចក់ ស៊ីថុល ឱ្យដឹងដែរថា ក្នងឆមាសទី១នេះ កងកម្លាំងមួកខៀវ​វិស្វកម្ម ​បានរុះរើប៉ុស្តិ៍យាមចាស់ និងសាងសង់ប៉ុស្តិ៍យាមថ្មី នៅបន្ទាយកងទ័ពមួកខៀវឥណ្ឌូនេស៊ី ចំនួន២កន្លែងធំៗ និងធ្វើជណ្តើរដែក សម្រេចបាន១០០%, និងសាងសង់ជម្រកសុវត្ថិភាព​ចំនួន​២កន្លែង ​នៅបន្ទាយទ័ពមួកខៀវឥណ្ឌា ​១កន្លែងសម្រេចបាន១០០% និងមួយកន្លែងទៀត​សម្រេច​បាន៨៥%។ ជាមួយគ្នាកំពុងសាងសង់របងHESCO​ ការពារឃ្លាំងគ្រាប់ ​នៅបន្ទាយឥណ្ឌា សម្រេចបាន៨៨%ផងដែរ។

ចំពោះមន្ទីរពេទ្យកម្រិត១របស់កម្ពុជាវិញ ក៏បានធ្វើការពិនិត្យពិគ្រោះ និងព្យាបាលជំងឺ ជូនដល់ទ័ព​ក្នុងតំបន់បេសកកម្ម និងប្រជាជនលីបង់ ​បានចំនួន៣៥៤នាក់ ​ហើយបណ្តាពលរដ្ឋលីបង់ទាំងនោះ ក៏បានសំដែងអរគុណ នឹងដឹងគុណជាខ្លាំងដល់កម្លាំងមួកខៀវកម្ពុជា ​ដែលបានមើលថែ និងជួយ​ស្វែងរក​សុខសន្តិភាពនៅក្នុងប្រទេសលីបង់។

លោក ចក់ ស៊ីថុល ​មេបញ្ជាការកងអនុសេនាធំវិស្វកម្មពហុជំនាញរូបនេះ បានឱ្យដឹងថា អនុវត្ត​តាមការ​ណែនាំពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌល​ជាតិរក្សាសន្តិភាព គឺកម្លាងទាំងអស់បាននិងកំពុងបន្តអនុវត្ត និងគោរពវិន័យបានយ៉ាង​ល្អរបស់​អង្គការសហប្រជាជាតិ ​និងបានសហការល្អជាមួយកងកម្លាំងមួកខៀវ​ នៃបណ្តាប្រទេសដទៃទៀត។

សូមបញ្ជាក់ថា ​កងវិស្វកម្មពហុជំនាញលេខ៨២៩ចំនួនសរុប១៨៤នាក់ ក្នុងនោះមាន​ស្រីចំនួន​៣០នាក់​ បានចេញដំណើរ​ទៅបំពេញបេសកកម្មថែរក្សា​សន្តិភាពUN​នៅប្រទេសលីបង់កាលពី​ដើម​ខែកុម្ភៈឆ្នាំ២០២២ ហើយកងកម្លាំងតួនាទីបន្តការបំពេញបេសកកម្មដោះមីន ​និងសង់សំណង់ដេក និង​សំណង់បញ្ឈរនានា​នៅក្នុងតំបន់ភ្នំផង ​រងសម្ពាធវិបត្តិសេដ្ឋកិច្ច និងមានជម្លោះព្រំដែន​ក្នុង​ប្រទេសលីបង់ ​ជាប់ព្រំដែនគ្នាជាមួយប្រទេសអ៊ីស្រាអ៊ែល៕