(បាម៉ាកូ, ម៉ាលី)៖ ប្រទេសម៉ាលី បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ ដកបេសកកម្មរក្សាសន្តិភាពចេញពីប្រទេសរបស់ខ្លួន ដោយមិនត្រូវពន្យារពេលទៀតឡើយ ហើយបានឆ្លៀតថ្កោលទោសផងដែរចំពោះបរាជ័យនៃបេសកកម្មនេះ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមមុខខាងសន្តិសុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលយោធាបណ្ដោះអាសន្ននៃប្រទេសម៉ាលី លោក អាប់ឌូឡាយ៉េ ឌីអូប (Abdoulaye Diop) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅឯកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រសប្ដាហ៍នេះថា កងកម្លាំងរក្សាសន្តិភាពមានឈ្មោះថា មីនុស្មា (MINUSMA) គួរតែដកចេញពីប្រទេសស្ថិត ក្នុងតំបន់អាហ្រ្វិកខាងលិចមួយនេះ។ ចំណែក លោក អែល ហ្កាស់ស៊ីម វ៉ាណេ (El Ghassim Wane) ជាប្រធានបេសកកម្ម UN ក្នុងប្រទេសម៉ាលី ក៏បាននិយាយ ដែរថាប្រតិបត្តិការរក្សាសន្តិភាពរបស់ UN សឹងតែមិនអាចធ្វើទៅរួចឡើយ ប្រសិនបើគ្មានការយល់ព្រមពីប្រទេសជាម្ចាស់ផ្ទះ។
គួរបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាសន្តិសុខ UN ទាំង១៥ប្រទេស មានពេលត្រឹមថ្ងៃទី៣០ ខែមិថុនា ដើម្បីអនុម័តលើដំណោះស្រាយបន្តសុពលភាពនៃអាណត្តិរបស់ MINUSMA ក្នុងប្រទេសម៉ាលី។ ការសម្រេចណាមួយត្រូវតម្រូវឱ្យមានសំឡេងគាំទ្រយ៉ាងហោច ៩សំឡេង ក្នុងចំណោមប្រទេសជាសមាជិកចំនួន១៥ និងមិនមាន ការវេតូ ឬជំទាស់ណាមួយពីសមាជិកអចិន្ត្រៃយ៍ទាំង៥ របស់ក្រុមប្រឹក្សាសន្តិសុខ UN៕