(ហ្កាហ្សា)៖ ក្រុមប៉ាឡេស្ទីនបានអះអាងកាលពីយប់ថ្ងៃអាទិត្យកន្លងទៅថា មនុស្សសរុបច្រើនជាង១៣០នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង និងបញ្ជូនទៅកាន់តំបន់ ហ្កាហ្សា ស្រ្ទីព (Gaza Strip) បន្ទាប់ពីការឆ្មក់វាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ក្រុម ហាម៉ាស់ (Hamas) ទៅលើប្រទេសអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។
សមាជិកជាន់ខ្ពស់ម្នាក់នៃក្រុម Hamas បានប្រកាសថា ក្រុមរបស់ខ្លួនកំពុងឃុំឃាំងមនុស្សជាង១០០នាក់ ត្រូវបានចាប់ពីអ៉ីស្រាអែល ធ្វើជាចំណាប់ខ្មាំង ហើយក្នុងនោះរួមមាន ទាំងមន្រ្តីជាន់ខ្ពស់អ៉ីស្រាអែលមួយចំនួន។ ចំណែកឯ ក្រុមប៉ាឡេស្ទីនមួយទៀត ហៅថា Islamic Jihad បាននិយាយថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួន ក៏បានចាប់មនុស្សជាង ៣០នាក់ពីអ៉ីស្រាអែល មកកាន់តំបន់ Gaza ដើម្បីធ្វើជាចំណាប់ខ្មាំងផងដែរ ហើយអះអាងថា ជនទាំងនោះនឹងត្រូវអនុញ្ញាតឱ្យអាចត្រឡប់ទៅផ្ទះវិញឡើយ លុះត្រាតែមាន ការដោះលែងអ្នកទោសប៉ាឡេស្ទីនពីខាងអ៉ីស្រាអែល ដើម្បីជាការដោះដូរគ្នា។ កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលអ៉ីស្រាអែល បានទទួលស្គាល់ថា ចំនួនមនុស្សដែលត្រូវបានចាប់ជាចំណាប់ខ្មាំងយកទៅតំបន់ Gaza គឺជាង១០០នាក់។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ក្រុម Hamas បានបើកការវាយប្រហារទ្រង់ទ្រាយធំបំផុតលើអ៉ីស្រាអែល តាមរយៈការបាញ់ស្រោចរ៉ុក្កែតរាប់ពាន់គ្រាប់ និងការបញ្ជូនអ្នកប្រយុទ្ធជាច្រើន ឱ្យឆ្លងព្រំដែនចូលលុកលុយទីក្រុងផ្សេងៗរបស់អ៉ីស្រាអែល នៅក្បែរតំបន់ Gaza។ មនុស្សជាង៧០០នាក់បានស្លាប់ និងជាង២,០០០នាក់ បានរងរបួសក្នុងការវាយប្រហារនោះ។ អ៉ីស្រាអែល ក៏បានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសឥតឈប់ឈរ ទៅលើតំបន់ Gaza ដើម្បីជាការសងសឹកវិញផងដែរ ដែលបានផ្តាច់ជីវិតមនុស្សជិត៥០០នាក់ និងបង្កឱ្យរបួសជាង២,០០០នាក់ នៅទីនោះ៕