អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នឹងធ្វើទស្សនកិច្ចប្រទេសរុស្ស៊ីនៅថ្ងៃអង្គារនេះដើម្បីជួបជាមួយប្រធានាធិបតី Vladimir Putin និងរដ្ឋមន្ត្រីការបរទេស Sergei Lavrov ចំពេលប្រតិបត្តិការយោធាពិសេសដែលកំពុងបន្តនៅអ៊ុយក្រែន ។
ស្ថានភាពនៅអ៊ុយក្រែនទំនងជានឹងផ្តោតសំខាន់លើការពិភាក្សានៅទីក្រុងមូស្គូដែលលោក Guterres នឹងធ្វើដំណើរពីទីក្រុងអង់ការ៉ាប្រទេសទួរគីទៅកាន់រុស្ស៊ី បន្ទាប់ពីជួបជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ។
ទន្ទឹមនោះអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Andrey Rudenko បាននិយាយថា ទីក្រុងមូស្គូនឹងពិភាក្សាជាមួយលោក Guterres ទាក់ទងនឹងបញ្ហាស្ថានភាពជុំវិញទីក្រុង Mariupol និងតំបន់រោងចក្រដែក Azovstal ។
គួរបញ្ជាក់ថា បន្ទាប់ពីជួបជាមួយលោក Putin និងលោក Lavrov ហើយ លោក Guterres នឹងធ្វើដំណើរទៅកាន់ទីក្រុងកៀវដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងរដ្ឋមន្ត្រីការបរទេស Dmytro Kuleba ព្រមទាំងបុគ្គលិកនៃទីភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើនដើម្បីពិភាក្សាអំពីការពង្រីកជំនួយមនុស្សធម៌ដល់ប្រជាជនអ៊ុយក្រែន ៕