សហរដ្ឋអាមេរិក៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧,៧៥០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១២៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,០៤៣,០៦៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០៩,៥៤៤នាក់ និងជាសះស្បើយឡើងសរុប ២៧,៨៤០,៨៨៤នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
ដោយមើលអត្រាឆ្លង និងស្លាប់ដោយសារ COVID-19 ធ្លាក់ចុះជាបន្តបន្ទាប់ រដ្ឋកាន់តែច្រើននៅសហរដ្ឋអាមេរិក កំពុងត្រៀមបើកទ្វារទាំងស្រុងឡើងវិញ។ តែពួកគេក៏កំពុងលើកទឹកចិត្ត ឲ្យប្រជាជនមកចូលរួមទទួល ការចាក់វ៉ាក់សាំងបង្ការ COVID-19 ផងដែរ ដោយសារតែអត្រានៃការចាក់បានធ្លាក់ចុះ។ កន្លងមកនេះ សហរដ្ឋអាមេរិកបានអនុម័តឲ្យមនុស្សវ័យចាប់ពី ១២ឆ្នាំឡើងទៅ អាចទទួលការចាក់វ៉ាក់សាំង។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៩៤លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៦៧.១៥លាននាក់ (៥០.៩%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៣៤.៤២លាននាក់ (៤១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕