(កូឡុំបូ)៖ សភារបស់ប្រទេសស្រីលង្កាបានអនុម័តការដំឡើងពន្ធលើតម្លៃបន្ថែម (VAT) ដល់ ១៨ភាគរយពី ១៥ ភាគរយកាលពីថ្ងៃចន្ទមុនពេលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពិនិត្យមើលការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលមុនឈានដល់ការអនុម័តកញ្ចប់ថវិកាលើកទីពីរនៃថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រធានសភាលោក Mahinda Yapa Abeywardena បាននិយាយថា សភាស្រីលង្កាបានអនុម័តការដំឡើងពន្ធលើតម្លៃបន្ថែមដោយសំឡេង ១០០ ក្នុងចំណោមសមាជិកសភាចំនួន ២២៥នាក់ ដើម្បីបោះឆ្នោតគាំទ្រច្បាប់នេះ។ សមាជិកសភាសរុបចំនួន ៥៥រូបបានបោះឆ្នោតប្រឆាំងនឹងច្បាប់នេះ។
ប្រទេសស្រីលង្កាគ្រោងនឹងអនុវត្តការដំឡើងពន្ធលើតម្លៃបន្ថែមដោយចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ហើយពន្ធនេះនឹងរួមបញ្ចូលអាហារស្រស់ៗ និងទំនិញផ្សេងទៀតផងដែរដូចជាឥន្ធនៈ ជី និងឧស្ម័នចម្អិនអាហារ ដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាលប្រហែល ៣៧៨ន់លានរូពី (១,១ពាន់លានដុល្លារ) ដែលមានសារៈសំខាន់ក្នុងការបំពេញតាមទិសដៅដែលបានកំណត់ស្ថិតក្រោមកម្មវិធីថវិកាសង្គ្រោះរបស់មូលនិធិ IMF រយៈពេលបួនឆ្នាំ។
ប្រទេសដែនកោះស្ថិតនៅអាស៊ីខាងត្បូងមួយនេះកំពុងងើបចេញពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេល ៧ទសវត្សរ៍ ហើយកំពុងរង់ចាំការបញ្ចប់វិធានការត្រួតពិនិត្យរបស់មូលនិធិ IMF នៅថ្ងៃទី១២ ខែធ្នូ ដែលបន្ទាប់ពីនោះមក ស្រីលង្កានឹងទទួលបានទឹកប្រាក់ប្រហែល ៣៣៤លានដុល្លារដែលជាកញ្ចប់ជំនួយលើកទីពីរ។
យោងតាមរ៉យទ័រ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Ranjith Siyambalapitiya បានប្រាប់សភាថា ការដំឡើងពន្ធលើតម្លៃបន្ថែមនេះនឹងជំរុញប្រាក់ចំណូលពន្ធរបស់រដ្ឋាភិបាលដល់ ១២,៥ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំក្រោយពី ៩,១ភាគរយ។ លោកបានមានប្រសាសន៍ថា៖ «នេះគឺជាផ្នែកនៃកំណែទម្រង់សេដ្ឋកិច្ចជាច្រើនដែលត្រូវបានអនុវត្តដោយរដ្ឋាភិបាលដើម្បីធានាថា យើងបង្កើនប្រាក់ចំណូលដល់ ១៥ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ ២០២៥»៕