Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងចំនួនបី ចុះអនុស្សរណយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការប្រើថ្នាលផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh,

Media LNN | Feb 08, 2024
ក្រសួងចំនួនបី ចុះអនុស្សរណយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការប្រើថ្នាលផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh,
Clinic narith

 

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងចំនួនបី បានរៀបចំពិធីពិធីចុះហត្ថលេខា​លើ​អនុស្សរណៈ​ នៃការយោគយល់គ្នា ផ្តោតលើគោលបំណង ៣ សំខាន់គឺ កិច្ចសហប្រតិបត្តិការ​ដាក់​ឱ្យប្រើ​ថ្នាល​ផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង​ការតភ្ជាប់​អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការ។

 

ពិធីនេះរៀបចំឡើងនៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ដែល​មាន​ហត្ថលេខីចំនួន៣រូបផងដែរគឺ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរ​គមនាគមន៍, លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញ​ចូលរួម​ពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់​ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំង ៣ សរុប​ចំនួនប្រមាណ ២០០ នាក់។

ក.ប.ទ. ​នឹងជួយគាំទ្រដល់ក្រសួងកិច្ចការនារី និងក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុង​ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជីថលផ្ទៃក្នុង ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និង​បញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេស គឺការផ្តល់ភា​ពកា​ន់តែ​ងា​យស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​សាធារណៈ​ពី​ក្រសួង​សាធារណការ និ​ង​ដឹក​ជញ្ជូន ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រ និងតួនាទី​ស្ត្រីនៅ​ក្នុង​វិស័យ​ឌីជីថល​របស់​ក្រសួង​កិច្ច​ការនារី។

សូមជម្រាបជូនថា គិតត្រឹមពេលនេះ ក.ប.ទ. ចុះអនុស្សរណៈ និង​កិច្ច​ព្រម​ព្រៀងស្តីពីកិ​ច្ច​សហប្រតិបត្តិ​ការ​ក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើ​ឌីជីថលូបនីយកម្ម​លើ​ការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈរបស់ក្រសួង និងគ្រឹះស្ថាន​អប់រំ​ចំនួន ៣៤ ក្នុងជំហានឆ្ពោះទៅរកការកសាងរដ្ឋាភិបាលឌីជីថល (Digital Government) និង​ពលរដ្ឋឌីជីថល (Digital Citizen) ស្របតាម​គោល​នយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដា​លើ​សន្លឹក​ឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លង​ក្នុង​ទម្រង់​ជា​ក្រដាស​ឡើយ​។ ជាពិសេស ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះ មេដាយមាស (Gold Medal) ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ (ASEAN Digital Award 2024) ដែលជោគជ័យនេះបានបង្ហាញអំពីសមិទ្ធផលប្រកបដោយផ្លែផ្កានៃការខិតខំរបស់ ក.ប.ទ. ក្នុងការបង្កើតដំណោះស្រាយឌីជីថល ហើយមាន​ទទួល​ស្គាល់ជាដំ​ណោះស្រា​យ​ឌី​ជីថល​ល្អ​បំផុត​ក្នុងកម្រិតអន្តរជាតិផងដែរ៕