តម្លៃមូលធនប័ត្រទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានកើនដល់ ៨៥,៥ ពាន់លានដុល្លារ ធំជាង ៣,៧ ដងនៃតម្លៃភាគហ៊ុនកាលពីដាក់ឱ្យជួញដូរនៅលើទីផ្សារភាគហ៊ុនដំបូងគឺមានត្រឹមតែ ២៣ ពាន់លានដុល្លារតែប៉ុណ្ណោះ។ ភាគហ៊ុនរបស់ VinFast Auto Pte Ltd. (VinFast) បានផ្ទុះឡើងនៅថ្ងៃជួញដូរដំបូងនៅលើផ្សារហ៊ុន NASDAQ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពរបស់ vietnamnews.vn ។
បើគិតពីតម្លៃហ៊ុននីមួយៗវិញ ភាគហ៊ុនរបស់ក្រុមហ៊ុននេះដែលបានដាក់លក់នៅលើ NASDAQ មាននិមិត្តសញ្ញា VFS បានកើនឡើងដល់តម្លៃ ៣៧,០៦ដុល្លារ ក្នុងមួយហ៊ុននៅចុងបញ្ចប់នៃវគ្គជួញដូរនៅសហរដ្ឋអាមេរិកនៅថ្ងៃទី ១៥ ខែសីហា ដែលជាការកើនឡើង ៦៨,៤% ពីតម្លៃដំបូងដែលមានត្រឹម ២២$។ ហើយគ្រាន់តែនៅក្នុងវគ្គដំបូងនៃការប្រកាសជួញដូរភាគហ៊ុន ចំនួនភាគហ៊ុនសរុបដែលត្រូវបានទិញ គឺមានប្រហែល ៦,៨ លានហ៊ុន។
ឥឡូវនេះក្រុមហ៊ុន VinFast របស់វៀតណាម កំពុងស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលទាំងប្រាំនៅលើពិភពលោកដែលមានមូលធននីយកម្មខ្ពស់បំផុត ដោយសារតម្លៃមូលធននីយកម្មកើនឡើង។ តម្លៃទីផ្សាររបស់ក្រុមហ៊ុននេះ ឡើងរហូតដល់ទៅលើសពីក្រុមហ៊ុនផលិតរថយន្តល្បីៗ រួមមាន Mercedes-Benz, BMW, Volkswagen, Honda និង Ford ថែមទៀតផង។ មិនតែប៉ុណ្ណោះ VinFast របស់វៀតណាម ក៏បានវ៉ាដាច់ក្រុមហ៊ុន Tesla ថែមទៀត ដោយក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេទីពីរ នេះបើគិតលើផ្នែកមូលធនីយកម្មទីផ្សារ។
គួររំលឹកថា VinFast ទើបតែនឹងបានចូលរួមជាផ្លូវការក្នុងផ្សារមូលបត្រធំបំផុតនេះ កាលពីយប់ថ្ងៃអង្គារនេះប៉ុណ្ណោះ បន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀងរួមគ្នាជាមួយក្រុមហ៊ុន Black Spade។
បើនិយាយពីវិសាលភាពនៅក្នុងទីផ្សារក្នុងស្រុកវិញ មូលធននីយកម្មទីផ្សាររបស់ Vingroup មានចំនួនប្រហែល ១១,២ ពាន់លានដុល្លារនៅពេលបិទវគ្គជួញដូរកាលពីថ្ងៃអង្គារ។ ជាមួយគ្នានេះ បុត្រសម្ព័ន្ធរបស់ VinFast គឺ Vinhomes មានតម្លៃភាគហ៊ុនសរុបប្រហែល ១១,៤ ពាន់លានដុល្លារ ខណៈដែលបុត្រសម្ព័ន្ធមួយទៀត គឺ Vincom Retail មានតម្លៃ ៣ ពាន់លានដុល្លារ៕