(រុស្ស៊ី)៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយថា មិនចាំបាច់មានការវាយប្រហារទ្រង់ទ្រាយធំបន្ថែមទៀតលើប្រទេសអ៊ុយក្រែននោះទេ រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការបាញ់ផ្លោងយ៉ាងខ្លាំងទៅលើប្រទេសនេះ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។
លោកនិយាយថា គោលដៅដែលបានកំណត់នៃការវាយប្រហារភាគច្រើនត្រូវបានវាយប្រហាររួចហើយ ហើយវាមិនមែនជាគោលបំណងរបស់លោកក្នុងការបំផ្លាញអ៊ុយក្រែននោះទេ។ គោលដៅរបស់ទីក្រុងមូស្គូក្នុងការកេណ្ឌទ័ពចំនួន ៣សែននាក់នឹងត្រូវបានបំពេញក្នុងរយៈពេលពីរសប្តាហ៍។ ការកេណ្ឌនេះធ្វើឡើងនៅពេលដែលកងកម្លាំងរុស្ស៊ីភាគច្រើនបានដកថយ ហើយអ៊ុយក្រែនបានរុលចូលទៅមុខ ដែលសង្គ្រាមឈានចូលដល់ជិត ៨ខែចាប់តាំងពីការវាយលុក។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយមេដឹកនាំក្នុងតំបន់ក្នុងរដ្ឋធានី Astana ប្រទេសកាហ្សាក់ស្ថាន មេដឹកនាំរុស្ស៊ីនិយាយថា ការវាយប្រហារនាពេលថ្មីៗនេះបានបំផ្លាញគោលដៅចំនួន ២២កន្លែងក្នុងចំណោម ២៩គោលដៅក្នុងប្រទេសអ៊ុយក្រែនដែលកំណត់ដោយយោធា ហើយពួកគេកំពុងដាក់គោលដៅនៅសល់ចំនួន ៧កន្លែងផ្សេងទៀត។
ចាប់តាំងពីថ្ងៃច័ន្ទមក រុស្ស៊ីបានវាយប្រហារជាបន្តបន្ទាប់លើទីក្រុងនានានៅទូទាំងប្រទេសអ៊ុយក្រែន ជាអ្វីដែលលោកPutin និយាយថា ជាការសងសឹកចំពោះការបំផ្ទុះដែលបានបំផ្លាញស្ពានសំខាន់មួយតភ្ជាប់រវាងរុស្ស៊ី និងតំបន់គ្រីមៀ។ តំបន់ភាគកណ្តាលទីក្រុង Kyiv ត្រូវបានគេកំណត់គោលដៅជាលើកដំបូងចាប់តាំងពីការវាយលុក។ ប៉ុន្តែលោក Putin និយាយថា វាមិនមែនជាចេតនារបស់រុស្ស៊ីក្នុងការបំផ្លាញអ៊ុយក្រែននោះទេ ប៉ុន្តែលោកក៏មិនសោកស្តាយចំពោះការវាយលុកនេះដែរ។ លោកនិយាយថា បញ្ហាទាំងអស់ដូចគ្នា ប្រសិនបើរុស្ស៊ីមិនវាយប្រហារ យើងនឹងស្ថិតក្នុងស្ថានភាពដដែល មានតែលក្ខខណ្ឌដែលកាន់តែធ្ងន់ធ្ងរសម្រាប់យើង។ ដូច្នេះយើងកំពុងធ្វើអ្វីគ្រប់យ៉ាងត្រឹមត្រូវ និងក្នុងពេលវេលាដ៏ប្រាកដ។ ប្រធានាធិបតី Putin និយាយថា ទាហានថ្មី ២២០,០០០នាក់ដែលត្រូវបានកេណ្ឌក្នុងនោះ ១៦,០០០នាក់កំពុងប្រយុទ្ធរួចហើយ ដែលលោកបានបង្ហាញថា ពុំចាំបាច់មានការកេណ្ឌទ័ពបន្ថែមទៀតនោះទេ៕