ក្រុមនាវឹករបស់នាវា Westerdam រៀបចំពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុដើម្បីជាការថ្លែងអំណរគុណ មុនពេលនាវាចាកចេញពីកំពង់ផែក្រុងកម្ពុជា
នាវាទេសចរណ៍ខ្នាតធំ MS Westerdam បន្ទាប់ពីបានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ចាប់តាំងពីថ្ងៃទី១៣កុម្ភៈ២០២០មកនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០ បានធ្វើពិធីហូបអាហាររួមគ្នាជាមួយអភិបាលខេត្ត ព្រះសីហនុ និងមន្រ្តីពាក់ពន័្ធមួយចំនួនទៀតផងដែរដើម្បីជាការថ្លែងអំណរគុណ មុនពេលនាវាចាកចេញពីកំពង់ផែទៅ។
អ្នកគ្រប់គ្រងនាវានេះ បានថ្លែងកោតសរសើរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រជាពលរដ្ឋកម្ពុជានូវទឹកចិត្តមនុស្សធម៌និងការមិនរើសអើងដោយបានអនុញ្ញាតអោយនាវា Westerdam បានចូលនៅកំពង់ផែក្រុងព្រះសីហនុ និងជួយសម្របសម្រួលនូវសេចក្តីត្រូវការគ្រប់បែបយ៉ាង ជាពិសេសជួយដល់ដំណើរត្រឡប់ទៅកាន់ប្រទេសកំណើតរបស់គេវិញប្រកបដោយសុវត្ថិភាពនិងភាតរភាព។
ពួកគេអោយដឹងថានឹងចងចាំជានិច្ចចំពោះទឹកចិត្តកម្ពុជាដែលបានទទួលស្វាគមន៍ពួកគេយ៉ាងកក់ក្តៅនិងស្និទស្នាលក្រៃលែង។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់នាវឹកទាំងអស់និងបានជូនពរគេ និងអ្នករួមដំណើរទាំងអស់ទទួលបានសេចក្តីសុខសុវត្ថិភាព ក្នុងដំណើរវិលត្រលប់ទៅកាន់គោលដៅបន្ត នាពេលខាងមុខនេះ។
ទន្ទឹមនោះឯ.ឧ អភិបាលខេត្ត បានបញ្ជាក់ថាកម្ពុជា ស្វាគមន៍ជានិច្ច ក្រុមនាវឹក និងភ្ញៀវទេសចរទាំងអស់នៃនាវា Westerdam ប្រសិនជាពួកគេចង់មកកំសាន្តនៅខេត្តព្រះសីហនុ នៅថ្ងៃក្រោយទៀត។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ អោយដឹងថា នាវានេះគ្រោងនឹងចាកចេញទៅវិញនៅល្ងាចថ្ងៃទៅ២៦ខែកុម្ភៈឆ្នាំ២០២០នេះឆ្ពោះទៅប្រទេសភិលីពីន។ប៉ុន្តែប្រសិនជាមានការប្រែប្រួលលោកនឹងជូនដំណឹងបន្ថែមតាមក្រោយ។
សូមបញ្ជាក់ថា នាវាទេសចរណ៍ MS Westerdam មានផ្ទុកមនុស្សជាង២០០០នាក់ ហើយត្រូវបានប្រទេសនិងកោះមួយចំនួនបានបដិសេធការស្នើសុំចូលចតដោយសារតែការភ័យខ្លាចនៃវិរុសកូរ៉ូណាឬcovid_19។
ក៏ប៉ុន្តែអ្នកនៅលើនាវាទាំងអស់ត្រូវក្រសួងសុខាភិបាលកម្ពុជាអះអាងថាពួកគេគ្មានអ្នកណាម្នាក់មានផ្ទុកវិរុសកូរ៉ូណានោះទេ បន្ទាប់ពីបានពិនិត្យសុខភាពរួច។
អ្នកដំណើរទាំងអស់ក្នុនាវានេះត្រូវបានរដ្ឋាភិបាលកម្ពុជាទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងគ្មានការរើងអើងព្រមទាំងបានសម្របសម្រួលអោយពួកគេបានធ្វើដំណើរតាមជើងយន្តហោះទៅប្រទេសកំណើតរៀងៗខ្លួនដោយសុវត្ថិភាព។
(ដោយ៖ខៀវ សាវ៉ុន)