(ហ្សឺណេវ)៖ កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនត្រូវការប្រាក់ចំនួន ៤០០លានដុល្លារ ដើម្បីផ្តល់ជំនួយស្បៀងអាហារដល់ប្រជាជនរាប់លាននាក់ នៅតំបន់អាហ្វ្រិកខាងត្បូងដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។
មូលនិធិនេះមានសារៈសំខាន់ណាស់ ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះគ្រោះរាំងស្ងួតនៅក្នុងប្រទេសហ្ស៊ីមបាវ៉េ ហ្សាំប៊ី និងម៉ាឡាវីក្នុងរយៈពេលប្រាំមួយខែបន្ទាប់ បន្ទាប់ពីគ្រោះរាំងស្ងួតដែលបណ្ដាលមកពីបាតុភូត El Niño ដែលបានធ្វើឱ្យមនុស្ស ៤.៨ លាននាក់ត្រូវការជំនួយ។
El Niño ដែលជាបាតុភូតអាកាសធាតុដែលរំខានដល់លំនាំខ្យល់ និងកំដៅសីតុណ្ហភាពផ្ទៃនៃមហាសមុទ្រប៉ាស៊ីហ្វិក បានកាត់បន្ថយទឹកភ្លៀងយ៉ាងខ្លាំងនៅក្នុងតំបន់ ដែលនាំឱ្យការប្រមូលផលមិនល្អ។ អ្នកនាំពាក្យរបស់ WFP លោក Tomson Phiri បានប្រាប់ Reuters ថា «វាជាការត្រឹមត្រូវក្នុងការនិយាយថា នេះប្រហែលជាការឆ្លើយតប El Niño ដ៏ធំបំផុតដែលយើងមិនធ្លាប់បានធ្វើនៅអាហ្វ្រិកខាងត្បូង»។
យោងតាមលោក Phiri បានឱ្យដឹងថា ប្រហែល ៧០% នៃចំនួនប្រជាជនអាហ្វ្រិកខាងត្បូង ដែលពឹងផ្អែកលើកសិកម្មអាស្រ័យដោយទឹកភ្លៀង បានឃើញការប្រមូលផលរបស់ពួកគេត្រូវបានបំផ្លាញដោយសារគ្រោះរាំងស្ងួត។ ជាការឆ្លើយតប WFP គ្រោងនឹងទិញគ្រាប់ធញ្ញជាតិពីទីផ្សារអន្តរជាតិ ដើម្បីគាំទ្រដល់អ្នកដែលរងផលប៉ះពាល់។
កាលពីខែសីហាកន្លងទៅ អង្គការ WFP បានចំណាយប្រាក់ចំនួន ១៤លានដុល្លារ ដើម្បីជួយដល់សហគមន៍នៅប្រទេសឡេសូតូ (Lesotho) ម៉ាដាហ្គាស្ការ (Madagascar) ម៉ូសំប៊ិក (Mozambique) និងហ្ស៊ីមបាវ៉េ (Zimbabwe)។ គ្រោះរាំងស្ងួតជាបន្តបន្ទាប់បានធ្វើឱ្យបាត់បង់ស្តុកគ្រាប់ធញ្ញជាតិនៅក្នុងតំបន់ ដែលជំរុញឱ្យប្រទេសមួយចំនួន ដូចជាហ្សីមបាវ៉េស្វែងរកការនាំចូលគ្រាប់ធញ្ញជាតិពីបរទេស៕