(បរទេស)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅមុននេះបន្តិចបានឱ្យដឹងថា កម្មវិធីផ្ញើសារ WhatsApp បានគាំងមិនដំណើរការនៅជុំវិញពិភពលោក ដោយការគាំងនេះបានចាប់ផ្ដើមឡើងនៅម៉ោងប្រមាណជា ២រសៀលម៉ោងនៅកម្ពុជា។
គេហទំព័រ Downdetector បានបង្ហាញរបាយការណ៍ថា កម្មវិធី WhatsApp បានគាំងដែលបណ្ដាលឱ្យអ្នកប្រើប្រាស់ភាគច្រើនមិនអាចដំណើរការបាន ដោយក្នុងនោះ មានប្រមាណ ៧០ភាគរយជួបបញ្ហាផ្ញើសារ ២៤ភាគរយជួបបញ្ហាមិនអាចចូលប្រើបាន (Login) នៅក្រៅពីនេះជួបបញ្ហាផ្សេងៗ។
គិតមកដល់ម៉ោងនេះ កម្មវិធី WhatsApp នៅមិនទាន់ដំណើរការឡើងវិញនោះទេ ហើយខាងក្រុមហ៊ុន Meta ដែលជាមេធំរបស់ WhatsApp ក៏នៅមិនទាន់បញ្ជាក់ពីមូលហេតុដែលនាំឱ្យគាំងនេះផងដែរ៕