
ប្រធាន WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា “យើងមានឧបករណ៍ដើម្បីនាំជំងឺរាតត្បាតនេះឲ្យមកស្ថិតក្រោមការគ្រប់គ្រងក្នុងរយៈពេលប៉ុន្មានខែខាងមុខ ប្រសិនបើយើងប្រើប្រាស់វាឲ្យបានជាប់លាប់និងប្រកបដោយសមធម៌”។
ទោះបីជាយ៉ាងណាក៏ដោយ លោកក៏បានសម្តែងការព្រួយបារម្ភផងដែរចំពោះ “អត្រាប្រកាសអាសន្ន” ដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅក្នុងចំណោមអ្នកមានអាយុពី ២៥ដល់៥៩ឆ្នាំ នៅទូទាំងពិភពលោក ដែលភាគច្រើនអាចបណ្តាលមកពីវីរុសបំប្លែងខ្លួនប្រភេទថ្មី។
លោកលើកឡើងថា “វាប្រើពេល៩ខែដើម្បីឈានដល់ការស្លាប់១លាននាក់, ៤ខែដើម្បីឈានដល់២លាននាក់និង ៣ខែដើម្បីឈានដល់៣លាននាក់”។
ស្របពេលជាមួយគ្នានោះ អ្នកជំនាញផ្នែករោគរាតត្បាតឈានមុខរបស់ WHO លោកស្រី Maria van Kerkhove បានប្រាប់សន្និសីទកាសែតដូចគ្នានេះថា ការកើនឡើងនៃអត្រាឆ្លងកូវីដ ទូទាំងពិភពលោក គឺបូករួមទាំងការកើនឡើងក្នុងចំណោមក្រុមអាយុដែលធ្លាប់តែរងផលប៉ះពាល់តិចពីជំងឺរាតត្បាតផងដែរ។
លោកស្រីនិយាយថា “យើងកំពុងមើលឃើញអត្រាកើនឡើងនៃការឆ្លងសម្រាប់គ្រប់ក្រុមអាយុទាំងអស់”។ លោកស្រីបន្ថែមទៀតថា មានករណីចំនួន ៥.២លានករណីត្រូវបានរាយការណ៍កាលពីសប្តាហ៍មុន ដែលនេះជាការកើនឡើងប្រចាំសប្តាហ៍ខ្ពស់បំផុត ចាប់តាំងពីរោគរាតត្បាតវាយប្រហារ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង១រសៀលថ្ងៃអង្គារទី២០ខែមេសានេះ ពិភពលោកបានកត់ត្រាការឆ្លងជំងឺកូវីដ-១៩សរុប ១៤២,៧២៧,៣៧៤ករណី, ស្លាប់ ៣,០៤៣,៧០៣នាក់និងជាសះស្បើយ ១២១,២៤០,៣០៨នាក់៕
ប្រភព៖ CNA