លោក Xi Jinping បន្តកាន់តំណែងជាអគ្គលេខាធិការបក្ស ហើយឥឡូវនេះ ត្រូវបានគេរំពឹងថា លោកនឹងក្លាយជាប្រធានាធិបតីរបស់ប្រទេសចិនសម្រាប់ អាណត្តិទី៣ជាបន្តទៀត ដែលការកាន់តំណែងប្រធានាធិបតីចិនរយៈពេលយូរនេះ ជារឿងដែលមិនធ្លាប់កើតមាននាពេកន្លងមកនៅប្រទេសចិន។
គណបក្សកុម្មុយនីស្តចិន កាលពីថ្ងៃអាទិត្យ បានបោះឆ្នោតជ្រើសរើសលោក Xi Jinping ជាអគ្គលេខាធិការបក្សឡើងវិញជាផ្លូវការសម្រាប់រយៈពេល៥ឆ្នាំជាបន្តទៀត ដែលនេះជាការបើកផ្លូវមួយសម្រាប់លោក Xi សម្រាប់ការកាន់តំណែងជាប្រធានាធិបតីចិនអាណត្តិទី៣ជាប្រវត្តិសាស្ត្រជាបន្តទៀតផងដែរ។
ការប្រកាសដែលគេរំពឹងទុកជាមុនយ៉ាងច្បាស់លាស់នេះ បានកើតឡើង បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនរយៈពេលមួយសប្តាហ៍ ដែលជាអំឡុងពេលដែលលោក Xi ពង្រឹងការកាន់អំណាចរបស់លោកកាន់តែខ្លាំងឡើងបន្ថែមទៀត។
សារព័ត៌មានរដ្ឋចិនក៏បានផ្សាយផងដែលថា លោក Xi ក៏ត្រូវបានតែងតាំងជាថ្មីជាប្រធាននៃគណៈកម្មាការយោធាកណ្តាលរបស់ប្រទសចិនផងដែរ។
លោកXi បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅ Great Hall នៅទីក្រុងប៉េកាំងបន្ទាប់ពីការប្រកាសដំណឹងខាងលើយ៉ាងដូច្នេះថា «ខ្ញុំ សូមថ្លែងអំណរគុណ យ៉ាង ស្មោះស្ម័គ្រចំពោះគណបក្សទាំងមូលសម្រាប់ការជឿទុកចិត្តដែលអ្នកមានមកលើពួកយើង»។