(អ៊ុយក្រែន)៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថារបស់លោកកាលពីថ្ងៃសុក្រថា កងទ័ពអ៊ុយក្រែនរំដោះបានផ្ទៃដី 776គីឡូម៉ែត្រការ៉េកាលពីសប្តាហ៍មុន។ លោក Zelenskyy និយាយថា ជាសរុបផ្ទៃដីរបស់យើងចំនួន 2,434គីឡូម៉ែត្រការ៉េ និងទីតាំងលំនៅឋានចំនួន 96កន្លែងត្រូវបានរំដោះរួចហើយ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការវាយលុក។
ទន្ទឹមនឹងនេះរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវដល់មេដឹកនាំប្រទេសលោកខាងលិច ឲ្យបើកការវាយប្រហារនុយក្លេអ៊ែរជាមុនទៅលើប្រទេសរុស្ស៊ី។ លោក Lavrov បាននិយាយនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការគណបក្សកាន់អំណាច សម្រាប់ការគាំទ្រជនរួមជាតិដែលរស់នៅក្រៅប្រទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymir Zelenskyy បាននិយាយនៅក្នុងការឆ្លើយតបចំពោះសំណួរអំពីអ្វីដែលថា អង្គការ NATO គួរតែរារាំងរុស្ស៊ីមិនឲ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងអំឡុងពេលសុន្ទរកថាតាមវីដេអូទៅកាន់វិទ្យាស្ថានមួយរបស់ប្រទេសអូស្ត្រាលី ដោយបាននិយាយថា អង្គការ NATO គួរតែធ្វើអ្វីដែលរុស្ស៊ីមិនអាចធ្វើទៅបានក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕