ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ថ្កោលទោសការបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ប្រឡងថ្នាក់ជាតិ និងអំពាវនាវដល់សមត្ថកិច្ចចាត់ការបុគ្គលពាក់ព័ន្ធតាមច្បាប់ ប៉ុន្តែអង្គការសង្គមស៊ីវិលអះអាងថា ការបន្លំនេះអាចមានការពាក់ព័ន្ធដល់មន្ត្រីសាធារណៈមួយចំនួនក្នុងប្រព័ន្ធត្រួតពិនិត្យការប្រឡង ហើយថាចាំបាច់ត្រូវរកភ័ស្តុតាងឱ្យឃើញដើម្បីទប់ស្កាត់រឿងនេះកុំឱ្យកើតមានបន្តទៀត។
លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ ការបណ្តុះបណ្តាលក្នុងវិស័យសុខា-ភិបាល បានបញ្ជាក់ក្នុងលិខិតលុបឈ្មោះកាលពីចុងខែមីនា ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ៥ មេសា ថា និស្សិតចំនួន ៤៣ នាក់ត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះនិស្សិតប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី ១ សម្រាប់កម្រិតបរិញ្ញាបត្ររង ទោះបីជាប់ចូលរៀនផ្នែកបរិញ្ញាបត្ររងគិលានុបដ្ឋាក បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ និងបរិញ្ញាបត្ររងទន្តគិលានុបដ្ឋាកនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលចាប់ពីឆ្នាំ ២០១៩ -២០២០ តទៅក៏ដោយ។
ក្នុងលិខិត លោក ហ៊ីង ថូរ៉ាក់ស៊ី បញ្ជាក់ថា ការលុបឈ្មោះនិស្សិតទាំង ៤៣ នាក់មូលហេតុ ដោយសារតែក្លែងបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្នុងចំណោមនិស្សិតចំនួន ៤៣ នាក់ ដែលត្រូវលុបឈ្មោះចេញនោះរួមមាន និស្សិតផ្នែកវេជ្ជបណ្ឌិតចំនួន ១ នាក់ និស្សិតផ្នែកបរិញ្ញាបត្ររងគិលានុប្បដ្ឋាកចំនួន ២៨ នាក់ និស្សិតផ្នែកបរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ ៧ នាក់ និស្សិតផ្នែកបរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក ៤ នាក់ និងនិស្សិតផ្នែកបរិញ្ញាបត្ររងឆ្មប ៣ នាក់។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ថ្លែងនៅថ្ងៃទី ៥ មេសា ថា ជុំវិញរឿងនេះ ក្រសួងសុខាភិបាលក៏ដូចជាក្រសួងអប់រំត្រូវធានាសុចរិតភាពនៃការប្រឡងឱ្យមានកម្រិតខ្ពស់បំផុត។ ជាពិសេស គឺធានាឱ្យបានថា អ្នកដែលបានដាក់ពាក្យប្រឡងត្រូវមានបុគ្គលិកលក្ខណៈ និងបទពិសោធគ្រប់គ្រាន់ក្នុងការដាក់ពាក្យស្របទៅនឹងលក្ខណវិនិច្ឆ័យ ដែលដាក់ជូនដោយក្រសួង ឬគណៈកម្មការប្រឡង។
លោកបន្តថា ការធានាបាននូវការប្រឡងមួយដែលមានសុចរិតភាពនឹងអាចធ្វើការជ្រើសរើសបានអ្នកមានសមត្ថភាពពិតប្រាកដសម្រាប់ការរៀនសូត្របន្ថែម ដើម្បីក្លាយទៅជាគ្រូពេទ្យ ឬវេជ្ជបណ្ឌិតទៅតាមជំនាញ។ វិស័យសុខាភិបាលជាវិស័យមួយដែលអាចប៉ះពាល់ដល់អាយុជីវិត សុខុមាលភាពសាធារណៈ។ ហេតុនេះការធានាបានអ្នកចេះពិតប្រាកដ គឺការប្រឡងជាប់ជារឿងចាំបាច់ សម្រាប់កម្ពុជាដើម្បីបង្កើនប្រសិទ្ធភាពនៃសេវាសុខាភិបាល ខណៈបច្ចុប្បន្ន វិស័យនេះនៅមានកម្រិតនៅឡើយ។
ការរើសមន្ត្រីចូលធ្វើការ គឺដើម្បីបម្រើប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និងជាអ្នកបង់ពន្ធទៀតផង ហេតុនេះការធានាបាននូវការជ្រើសរើសមន្ត្រីរាជការដែលមានជំនាញ មានបទពិសោធ មានបុគ្គលិកលក្ខណៈគ្រាប់គ្រាន់ គឺជាកិច្ចការងារមួយចាំបាច់ ដែលរដ្ឋាភិបាលគួរតែធានាឱ្យបានដើម្បីប្រជាពលរដ្ឋទទួលបានសេវាល្អជាងមុន។ នេះជាការបញ្ជាក់របស់លោកពិសី។ លោកថា ការកេងបន្លំឯកសារសញ្ញាបត្រអាចពាក់ព័ន្ធជាមួយមន្ត្រីសាធារណៈដែលបម្រើការងារក្នុងផ្នែកនោះ ជាពិសេស ក្នុងប្រព័ន្ធតាមដាន ត្រួតពិនិត្យការប្រឡងទាំងមូល ព្រោះប្រជាពលរដ្ឋអាចដាក់ពាក្យទៅបាន លុះត្រាតែមានការសហការក្នុងរូបភាពណាមួយដើម្បីទទួលយកពួកគាត់នោះ។
លោកថ្លែងថា៖ «ខ្ញុំគិតថា ទោះបីជា យើងរកឃើញក្នុងកម្រិតថាគាត់បន្លំ ប៉ុន្តែបើយើងមិនធ្វើការត្រួតពិនិត្យ តាមដាន ឬក៏ស៊ើបអង្កេតផ្ទៃក្នុង ឬក៏យ៉ាងណាមួយ ដើម្បីរកមូលហេតុពិតប្រាកដទេ យើងនឹងអាចជួបបញ្ហាហ្នឹងទៀតទៅថ្ងៃក្រោយ។ នៅពេលមានការប្រឡងផ្សេង គឺនៅតែមានការកេងបន្លំ ហើយកិច្ចការនេះតាមខ្ញុំស្មានប្រហែលជាអាចពាក់ព័ន្ធស៊ីជម្រៅថែមទៀត មិនត្រឹមតែប្អូនៗគាត់បន្លំតែឯងទេ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ថ្លែងនៅថ្ងៃទី ៥ ខែមេសាថា ក្រសួងអប់រំកំពុងត្រួតពិនិត្យរឿងនេះ និងអំពាវនាវដល់សមត្ថកិច្ចចាត់វិធានការបុគ្គលដែលពាក់ព័ន្ធតាមច្បាប់។
លោកបានថ្លែងថា៖ «ក្រសួងអប់រំ យុវជន និងកីឡាថ្កោលទោសរាល់បទក្លែងបន្លំឯកសារសាធារណៈ។ ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យករណីនេះ និងសូមអំពាវនាវដល់ភាគីមានសមត្ថកិច្ចចាត់ការបុគ្គលពាក់ព័ន្ធតាមផ្លូវច្បាប់»៕