Alynana Media Cambodia
Icon Collap
clinic narit

សរីរង្គអង់ទីក័ររាងកាយមនុស្សអាចបង្កើត ប្រឆាំងនឹងមេរោគកូរ៉ូណាអាចនឹងរលាយបាត់អស់ទៅវិញក្នុងអំឡុងពេល​២ទៅ៣ខែ

Admin Alynana | Jul 14, 2020
សរីរង្គអង់ទីក័ររាងកាយមនុស្សអាចបង្កើត ប្រឆាំងនឹងមេរោគកូរ៉ូណាអាចនឹងរលាយបាត់អស់ទៅវិញក្នុងអំឡុងពេល​២ទៅ៣ខែ
Clinic narith

ចំពោះមនុស្សដែលបានឆ្លងជំងឺកូវីដ១៩ ហើយរាងកាយបានបង្កើតនូវប្រព័ន្ធអង់ទីក័រ​ ដើម្បីប្រយុទ្ធនឹងមេរោគនោះ គឺមិនប្រាកដនឹង​មិនឆ្លងកូវីដ១៩ សាជាថ្មីម្តងទៀតនោះ​ទេ។ អង់ទីក័រដែលមាន​ អាច​រលាយបាត់ទៅវិញអស់ ក្នុងអំឡុងពេល​២ទៅ៣ខែ​ នេះបើផ្អែកតាមការសន្និដ្ឋាន របស់ក្រុមអ្នកជំនាញ​នៃ King’s College នៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។ អ្នកជំនាញលើកឡើងថា ប្រការនេះ នឹងបន្ថែមការលំបាកមួយកម្រិតទៀត ទៅលើប្រសិទ្ធិភាព​នៃ​​ថ្នាំវ៉ាក់សាំង​ ប្រឆាំង​​ជម្ងឺ​កូវីដ១៩។

សរីរង្គអង់ទីក័រ ដែលរាងកាយមនុស្សអាចបង្កើត ដើម្បីប្រយុទ្ធនឹងមេរោគកូរ៉ូណាថ្មី (Sars-CoV-2) អាចនឹងរលាយបាត់អស់ទៅវិញ ក្នុងពេលដ៏ខ្លី។ នេះគឺជាលទ្ធផលនៃការស្រាវជ្រាវ របស់ក្រុមអ្នកជំនាញនៅ King’s College ទីក្រុងឡុងដ៍។ ការសន្និដ្ឋាននេះ គឺស្របទៅនឹងអ្វីដែលអ្នកជំនាញនៃវិទ្យាស្ថានប៉ាស្ទ័រប៉ារាំង ធ្លាប់បានវិភាគកន្លងមកដែរ។

អ្នកជំនាញអង់គ្លេសបាន​ ធ្​វើការអង្កេតតាមដាន ទៅលើកម្លាំងឆ្លើយតប នៃប្រព័ន្ធអង់ទីក័រ របស់មនុស្ស​ចំនួន​៩០នាក់ ដែលបានឆ្លងកូវីដ១៩។ ឆ្លងកាត់ការអង្កេត គឺនៅរវាង៣សប្តាហ៍ក្រោយចេញអការៈរោគ គឺសរីរាង្គរបស់មនុស្សទាំងនោះ បានផលិតប្រព័ន្ធអង់ទីក័របានខ្ពស់បំផុត។ ក៏ប៉ុន្តែ នៅរវាង​ថ្ងៃទី​៦៥ ក្រោយចេញរោគសញ្ញា គឺមានតែ១៦,៧% នៃអ្នកជំងឺទេ ដែលនៅមានប្រព័ន្ធអង់ទីក័រការពារខ្លួនខ្លាំងល្មមអាចទប់កូវីដ១៩បាន។ ចំណែកអ្នកផ្សេងទៀត គឺអង់ទីក័របានចុះខ្សោយខ្លាំង ឬ រលាយបាត់អស់តែម្តង។

លទ្ធផលនៃការអង្កេតនេះ គឺជាចម្លើយ​បញ្ជាក់ថា ទ្រឹស្តីនៃការរំពឹងសង្ឃឹមថា កាលណាមានអ្នកឆ្លងច្រើនគ្នាក្នុងសង្គម យូរទៅមេរោគនេះនឹងលែងមាន​កម្លាំងវាយលុក ដោយសារមនុស្ស​មានប្រព័ន្ធអង់ទីក័រ​ទប់ទល់នោះ គឺជារឿងមួយ​មិនអាចទៅរួចទេ។​ មួយវិញទៀត ការដែលប្រព័ន្ធអង់ទីក័ររលាយ​បាត់ទៅវិញ ក្នុងពេលដ៏ខ្លីបែបនេះ វាក៏បង្កបញ្ហាទៅដល់អនាគត នៃថ្នាំវ៉ាក់សាំងដែរ។

លោក Stephen Griffin សាស្ត្រាចារ្យនៅសកលវិទ្យា​វិទ្យាសាស្រ្តសុខាភិបាល Leeds បានលើកឡើងថា បើអង់ទីក័រអាចមានជីវិតត្រឹមតែ២ទៅ៣ខែ នោះមានន័យថា វ៉ាក់សាំងក៏មានប្រសិទ្ធិភាពតែរយៈពេលប៉ុណ្ណឹងដែរ។ ជម្រើសមានតែ២ទេ គឺត្រូវស្រាវជ្រាវរកវ៉ាក់សាំង ដែលអាចមាន​ប្រសិទ្ធិភាពយូរដ៏រាប ដែលនេះគឺវាសឹងតែមិនអាធ្វើទៅ​បាន និងជំរើសទី​២​គឺត្រូវចាក់វ៉ាក់សាំងឲ្យ​ច្រើនដង​​ ជាប្រចាំ។ ដូចគ្នាដែរ លោកស្រី Katie Doores អ្នកជំនាញដែលមានចំណែកក្នុងការស្រាវជ្រាវ​នេះ បាន​អះអាងថា ការចាក់វ៉ាក់សាំងតែម្តង ប្រហែលជាមិនគ្រប់គ្រាន់ទេ ក្នុងការការពារមនុស្សម្នាក់ពីការឆ្លងកូវីដ១៩។

 

ទោះជាយ៉ាងនេះក្តី អ្នកជំនាញ​របស់ King’s College បានរកឃើញថា ប្រព័ន្ធការពារខ្លួន​ដែលរាងកាយមនុស្ស​បានបង្កើត ដើម្បីទប់ទល់ជាមួយ​មេរោគកូរ៉ូណាថ្មីនេះ​​ គឺមិនស្ថិតនៅលើប្រព័ន្ធអង់ទីក័រតែមួយទាំងស្រុងទេ។ បើតាមការអង្កេត រាងកាយមនុស្សអាចផលិតចេញជាកោសិកា​ពិសេស២ផ្សេងទៀត (B T)ដែលមានតួនាទី​ក្នុងការប្រយុទ្ធទល់នឹងមេរោគ។ កោសិកាទាំងពីរនេះ អាចកំណត់ត្រាចាំ និងអាចដាស់ឲ្យ​សរីរាង្គកាយទាំងមូល ងើបឡើងប្រឆាំងនឹងមេរោគក្នុងករណីឆ្លងជាថ្មី។ នេះបើផ្អែកតាមការវិភាគរបស់​លោកស្រី សាស្ត្រាចារ្យ Mala Maini នៅ​University College of London៕