ចំពោះមនុស្សដែលបានឆ្លងជំងឺកូវីដ១៩ ហើយរាងកាយបានបង្កើតនូវប្រព័ន្ធអង់ទីក័រ ដើម្បីប្រយុទ្ធនឹងមេរោគនោះ គឺមិនប្រាកដនឹងមិនឆ្លងកូវីដ១៩ សាជាថ្មីម្តងទៀតនោះទេ។ អង់ទីក័រដែលមាន អាចរលាយបាត់ទៅវិញអស់ ក្នុងអំឡុងពេល២ទៅ៣ខែ នេះបើផ្អែកតាមការសន្និដ្ឋាន របស់ក្រុមអ្នកជំនាញនៃ King’s College នៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។ អ្នកជំនាញលើកឡើងថា ប្រការនេះ នឹងបន្ថែមការលំបាកមួយកម្រិតទៀត ទៅលើប្រសិទ្ធិភាពនៃថ្នាំវ៉ាក់សាំង ប្រឆាំងជម្ងឺកូវីដ១៩។
សរីរង្គអង់ទីក័រ ដែលរាងកាយមនុស្សអាចបង្កើត ដើម្បីប្រយុទ្ធនឹងមេរោគកូរ៉ូណាថ្មី (Sars-CoV-2) អាចនឹងរលាយបាត់អស់ទៅវិញ ក្នុងពេលដ៏ខ្លី។ នេះគឺជាលទ្ធផលនៃការស្រាវជ្រាវ របស់ក្រុមអ្នកជំនាញនៅ King’s College ទីក្រុងឡុងដ៍។ ការសន្និដ្ឋាននេះ គឺស្របទៅនឹងអ្វីដែលអ្នកជំនាញនៃវិទ្យាស្ថានប៉ាស្ទ័រប៉ារាំង ធ្លាប់បានវិភាគកន្លងមកដែរ។
អ្នកជំនាញអង់គ្លេសបាន ធ្វើការអង្កេតតាមដាន ទៅលើកម្លាំងឆ្លើយតប នៃប្រព័ន្ធអង់ទីក័រ របស់មនុស្សចំនួន៩០នាក់ ដែលបានឆ្លងកូវីដ១៩។ ឆ្លងកាត់ការអង្កេត គឺនៅរវាង៣សប្តាហ៍ក្រោយចេញអការៈរោគ គឺសរីរាង្គរបស់មនុស្សទាំងនោះ បានផលិតប្រព័ន្ធអង់ទីក័របានខ្ពស់បំផុត។ ក៏ប៉ុន្តែ នៅរវាងថ្ងៃទី៦៥ ក្រោយចេញរោគសញ្ញា គឺមានតែ១៦,៧% នៃអ្នកជំងឺទេ ដែលនៅមានប្រព័ន្ធអង់ទីក័រការពារខ្លួនខ្លាំងល្មមអាចទប់កូវីដ១៩បាន។ ចំណែកអ្នកផ្សេងទៀត គឺអង់ទីក័របានចុះខ្សោយខ្លាំង ឬ រលាយបាត់អស់តែម្តង។
លទ្ធផលនៃការអង្កេតនេះ គឺជាចម្លើយបញ្ជាក់ថា ទ្រឹស្តីនៃការរំពឹងសង្ឃឹមថា កាលណាមានអ្នកឆ្លងច្រើនគ្នាក្នុងសង្គម យូរទៅមេរោគនេះនឹងលែងមានកម្លាំងវាយលុក ដោយសារមនុស្សមានប្រព័ន្ធអង់ទីក័រទប់ទល់នោះ គឺជារឿងមួយមិនអាចទៅរួចទេ។ មួយវិញទៀត ការដែលប្រព័ន្ធអង់ទីក័ររលាយបាត់ទៅវិញ ក្នុងពេលដ៏ខ្លីបែបនេះ វាក៏បង្កបញ្ហាទៅដល់អនាគត នៃថ្នាំវ៉ាក់សាំងដែរ។
លោក Stephen Griffin សាស្ត្រាចារ្យនៅសកលវិទ្យាវិទ្យាសាស្រ្តសុខាភិបាល Leeds បានលើកឡើងថា បើអង់ទីក័រអាចមានជីវិតត្រឹមតែ២ទៅ៣ខែ នោះមានន័យថា វ៉ាក់សាំងក៏មានប្រសិទ្ធិភាពតែរយៈពេលប៉ុណ្ណឹងដែរ។ ជម្រើសមានតែ២ទេ គឺត្រូវស្រាវជ្រាវរកវ៉ាក់សាំង ដែលអាចមានប្រសិទ្ធិភាពយូរដ៏រាប ដែលនេះគឺវាសឹងតែមិនអាធ្វើទៅបាន និងជំរើសទី២គឺត្រូវចាក់វ៉ាក់សាំងឲ្យច្រើនដង ជាប្រចាំ។ ដូចគ្នាដែរ លោកស្រី Katie Doores អ្នកជំនាញដែលមានចំណែកក្នុងការស្រាវជ្រាវនេះ បានអះអាងថា ការចាក់វ៉ាក់សាំងតែម្តង ប្រហែលជាមិនគ្រប់គ្រាន់ទេ ក្នុងការការពារមនុស្សម្នាក់ពីការឆ្លងកូវីដ១៩។
ទោះជាយ៉ាងនេះក្តី អ្នកជំនាញរបស់ King’s College បានរកឃើញថា ប្រព័ន្ធការពារខ្លួនដែលរាងកាយមនុស្សបានបង្កើត ដើម្បីទប់ទល់ជាមួយមេរោគកូរ៉ូណាថ្មីនេះ គឺមិនស្ថិតនៅលើប្រព័ន្ធអង់ទីក័រតែមួយទាំងស្រុងទេ។ បើតាមការអង្កេត រាងកាយមនុស្សអាចផលិតចេញជាកោសិកាពិសេស២ផ្សេងទៀត (B T)ដែលមានតួនាទីក្នុងការប្រយុទ្ធទល់នឹងមេរោគ។ កោសិកាទាំងពីរនេះ អាចកំណត់ត្រាចាំ និងអាចដាស់ឲ្យសរីរាង្គកាយទាំងមូល ងើបឡើងប្រឆាំងនឹងមេរោគក្នុងករណីឆ្លងជាថ្មី។ នេះបើផ្អែកតាមការវិភាគរបស់លោកស្រី សាស្ត្រាចារ្យ Mala Maini នៅUniversity College of London៕