បើតាមប្រភពព័ត៌មានរបស់ភ្នាក់ងារReuters សហភាពអឺរ៉ុបនឹងបង្កើនការត្រួតពិនិត្យនិងកម្រិតការនាំចេញបច្ចេកវិទ្យាផ្នែកតាមដានទៅហុងកុង។ ជាគម្រោងផែនការសម្រាប់ដាក់ទណ្ឌកម្មចិន ដែលបានចូលទៅក្រសោបគ្រប់គ្រងហុងកុងទាំងកម្រោល តាមរយៈការអនុម័តច្បាប់សន្តិសុខជាតិ។
ជាមួយនឹងការសម្តែងក្តីព្រួយបារម្ភខ្លាំង ប្រទេសទាំង២៧ជាសមាជិករបស់សហភាពអឺរ៉ុប បានព្រមព្រៀងគ្នា បង្កើនការត្រួតពិនិត្យ និងកម្រិតការនាំចេញទៅហុងកុងនូវរាល់បច្ចេកវិទ្យាទាំងឡាយណាដែលមានពាក់ព័ន្ធនឹងសកម្មភាពតាមដានឬត្រួតពិនិត្យ និងដែលអាចយកទៅប្រើប្រាស់បង្ក្រាបពលរដ្ឋ។ អឺរ៉ុបសម្រេចធ្វើយ៉ាងដូច្នេះ ក្នុងបំណងតែមួយគត់ គឺធ្វើយ៉ាងណាកុំឱ្យ ឧបករណ៍ឬកម្មវិធី ជាបច្ចេកវិទ្យាអឺរ៉ុប ត្រូវបានប៉េកាំងអាចយកទៅប្រើ ពង្វាងពង្វាត់សម្រាប់តាមចាប់ទំនាក់ទំនងទូរគមនាគមន៍ផ្ទៃក្នុង ឬសម្រាប់ធ្វើការវាយប្រហារតាមអ៊ីនធ័រនែត។
បើតាមគម្រោងឯកសារ ទណ្ឌកម្មពាណិជ្ជកម្ម និងក៏ការសើរើមើលឡើងវិញនូវកិច្ចព្រមព្រៀង ជាមួយហុងកុងផ្នែកផ្តល់ទិដ្ឋាការ ក៏ជាផ្នែកមួយនៃវិធានការប្រឆាំងនឹងចិនដែលសហភាពអឺរ៉ុបបានព្រមព្រៀងអនុម័តរួចហើយកាលពីថ្ងៃសុក្រទី ២៤កក្កដា និងគ្រោងដាក់ឱ្យចូលជាធរមាន នៅថ្ងៃអង្គារទី ២៨កក្កដាខាងមុខ។
តាំងពីចិនបានអនុម័តច្បាប់ស្តីអំពីសន្តិសុខជាតិ ដាក់បង្ខំលើហុងកុងជាអតីតដែនដីអាណានិគមន៍អង់គ្លេស នៅថ្ងៃទី ៣០មិថុនា២០២០មក សហភាពអឺរ៉ុបបានសម្តែងក្តី ព្រួយបារម្ភ និងធ្វើសេចក្តីអំពាវនាវឱ្យចិនគោរពគោលការណ៍ប្រជាធិបតេយ្យ ជាច្រើនលើកច្រើនសា តែចិនមិនបានយកត្រចៀកស្តាប់ម្តងណាឡើយ។ នៅពេលនេះ សហភាពអឺរ៉ុបកែប្រែពាក្យសម្តីទៅជាការសកម្មភាពជាក់ស្តែង តាមរយៈការដាក់ទណ្ឌកម្ម។ ហើយដរាបណាគ្មានការសម្រេចថ្មី អឺរ៉ុបនឹងមិនបើកការចរចាណាមួយហុងកុងទេ។ នេះបើតាមគម្រោងច្បាប់ដដែល។
សូមបញ្ជាក់ថា កាលពីពីរសប្តាហ៍មុន សហរដ្ឋអាមេរិកបានសម្រេចព្យួររាល់ការនាំចេញសម្ភារៈបរិក្ខារយោធារសើបៗទាំងឡាយទៅ ហុងកុង។ ប៉េកាំងបានប្រកាសចាត់វិធានការសងសឹកអាមេរិកវិញ តាមរយៈការដាក់ទណ្ឌកម្មប្រឆាំងនឹងពលរដ្ឋនិងក្រុមហ៊ុនអាមេរិកមួយចំនួន។ គម្រោងដាក់ទណ្ឌកម្មហុងកុងរបស់សហភាពអឺរ៉ុប ធ្លាក់មកជួនចំពេលដែលចិននិងអាមេរិក កំពុងដំឡើងសរសៃកដាក់គ្នាយ៉ាងខ្លាំងរហូតឈានដល់ការបិទស្ថានកុងស៊ុលចិននៅអាមេរិកនិងស្ថានកុងស៊ុលអាមេរិកនៅចិន មួយម្នាក់ផង៕