Alynana Media Cambodia
Icon Collap
clinic narit

សហភាពអឺរ៉ុប​​បង្កើន​ការត្រួត​ពិនិត្យ​​កម្រិត​ការ​នាំ​ចេញ​បច្ចេកវិទ្យា​ហុងកុង​ដែលជា​ផែនការ​សម្រាប់​ដាក់​ទណ្ឌកម្ម​ចិន

Sang Kim | Jul 26, 2020
សហភាពអឺរ៉ុប​​បង្កើន​ការត្រួត​ពិនិត្យ​​កម្រិត​ការ​នាំ​ចេញ​បច្ចេកវិទ្យា​ហុងកុង​ដែលជា​ផែនការ​សម្រាប់​ដាក់​ទណ្ឌកម្ម​ចិន
Clinic narith

បើ​តាម​ប្រភព​ព័ត៌មាន​របស់​ភ្នាក់ងារReuters​ សហភាព​អឺរ៉ុប​នឹង​បង្កើន​ការត្រួត​ពិនិត្យ​និង​កម្រិត​ការ​នាំ​ចេញ​បច្ចេកវិទ្យាផ្នែក​តាមដាន​​ទៅ​ហុងកុង​។ ជា​គម្រោង​ផែនការ​សម្រាប់​ដាក់​ទណ្ឌកម្ម​ចិន ដែល​បាន​ចូល​ទៅ​ក្រសោប​គ្រប់​គ្រងហុងកុង​ទាំង​កម្រោល​ តាម​រយៈ​ការ​អនុម័ត​​ច្បាប់​សន្តិសុខ​ជាតិ។

ជាមួយ​នឹង​ការ​សម្តែង​ក្តី​ព្រួយ​បារម្ភ​ខ្លាំង ​ ប្រទេស​ទាំង២៧ជា​​សមាជិក​របស់​សហភាព​អឺរ៉ុប​ បាន​ព្រមព្រៀង​គ្នា​ ​បង្កើន​ការត្រួត​ពិនិត្យ និង​កម្រិត​​ការ​នាំ​ចេញទៅ​ហុងកុង​នូវ​រាល់​បច្ចេកវិទ្យា​ទាំ​ង​ឡាយ​​ណា​ដែល​មាន​ពាក់​ព័ន្ធ​នឹង​សកម្មភាព​តាមដាន​ឬ​ត្រួត​ពិនិត្យ​​ និង​ដែល​អាច​យក​ទៅ​ប្រើប្រាស់​​បង្ក្រាបពលរដ្ឋ​​​។ អឺរ៉ុប​សម្រេច​ធ្វើ​យ៉ាង​ដូច្នេះ​ ក្នុង​បំណង​តែ​មួយ​គត់ គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ ​​​ឧបករណ៍​​ឬ​កម្មវិធី ជា​បច្ចេកវិទ្យា​អឺរ៉ុប ត្រូវ​បាន​​​​ប៉េកាំង​អាច​យក​ទៅ​ប្រើ​ ពង្វាងពង្វាត់​សម្រាប់តាម​​ចាប់ទំនាក់ទំនង​​ទូរគមនាគមន៍ផ្ទៃក្នុង​ ឬ​សម្រាប់ធ្វើ​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត។

បើ​តាម​គម្រោង​ឯកសារ ទណ្ឌកម្ម​ពាណិជ្ជកម្ម​ និង​​ក៏​ការ​សើរើ​មើល​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​​ ជាមួយ​ហុងកុង​ផ្នែក​ផ្តល់​ទិដ្ឋាការ ក៏​ជា​ផ្នែក​មួយ​​នៃ​​វិធានការប្រឆាំងនឹង​​​ចិន​​ដែល​សហភាព​អឺរ៉ុបបាន​ព្រមព្រៀង​​អនុម័តរួច​ហើយ​កាលពី​ថ្ងៃ​សុក្រ​ទី ២៤កក្កដា ​និងគ្រោង​​ដាក់​ឱ្យ​ចូល​ជា​ធរមាន​ នៅ​ថ្ងៃ​អង្គារ​ទី ២៨​កក្កដា​ខាង​មុខ។

តាំង​ពី​ចិន​បាន​អនុម័ត​ច្បាប់​​ស្តីអំពីសន្តិសុខ​ជាតិ ដាក់​បង្ខំ​លើ​ហុងកុង​ជា​អតីត​ដែនដីអាណានិគមន៍​អង់គ្លេស​ នៅ​ថ្ងៃទី ៣០មិថុនា២០២០មក សហភាព​អឺរ៉ុប​បាន​សម្តែង​ក្តី ព្រួយបារម្ភ​ និង​ធ្វើ​សេចក្តី​អំពាវនាវ​ឱ្យ​ចិន​គោរព​គោលការណ៍ប្រជាធិបតេយ្យ​ ជា​ច្រើន​លើក​ច្រើន​សា តែ​ចិន​មិន​បាន​យក​ត្រចៀក​ស្តាប់​ម្តងណា​ឡើយ។ ​នៅពេល​​នេះ សហភាព​អឺរ៉ុបកែប្រែពាក្យ​សម្តី​ទៅ​ជា​ការ​សកម្មភាព​ជាក់​ស្តែង តាម​រយៈ​ការដាក់​ទណ្ឌកម្ម​​។ ហើយ​ដរាបណា​គ្មាន​ការ​សម្រេច​ថ្មី អឺរ៉ុប​នឹង​មិន​បើក​ការ​ចរចា​ណាមួយ​ហុងកុងទេ។ នេះ​បើ​តាម​គម្រោង​ច្បាប់​ដដែល។

សូម​បញ្ជាក់​ថា កាលពី​ពីរ​សប្តាហ៍​មុន សហរដ្ឋ​អាមេរិក​បាន​សម្រេច​ព្យួរ​រាល់​ការនាំ​ចេញ​សម្ភារៈ​បរិក្ខារ​យោធា​រសើបៗ​ទាំង​ឡាយ​ទៅ ហុងកុង។ ប៉េកាំង​បាន​ប្រកាស​ចាត់​វិធានការសងសឹក​អាមេរិក​វិញ តាម​រយៈការ​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​ពលរដ្ឋ​និង​ក្រុមហ៊ុន​អាមេរិក​មួយ​ចំនួន។ គម្រោង​ដាក់ទណ្ឌកម្ម​ហុងកុង​របស់​សហភាព​អឺរ៉ុប ធ្លាក់​មក​ជួន​ចំពេល​ដែល​ចិន​និង​​អាមេរិក កំពុង​ដំឡើង​សរសៃក​ដាក់​គ្នាយ៉ាង​ខ្លាំង​រហូត​​ឈាន​ដល់​ការ​បិទ​ស្ថានកុងស៊ុល​ចិន​នៅអាមេរិក​និង​ស្ថានកុង​ស៊ុល​អាមេរិក​នៅ​ចិន​ មួយ​ម្នាក់​ផង៕