ក្រសួងសុខាភិបាលនាព្រឹកនេះ បានប្រកាសពីករណីឆ្លងកូវីដ-១៩ ចំនួន២៥នាក់ទៀតនៅកម្ពុជា ដែលក្នុងនោះ២៣ករណីពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយភាគច្រើនជាជនជាតិចិន។ ជាមួយគ្នានេះ ក្រសួងបានរកឃើញអ្នកជំងឺ៣នាក់ជាករណីបំប្លែងថ្មី។
អ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន២៣នាក់ មានចិន២១នាក់ និងខ្មែរ២នាក់ ដែលរស់នៅទីតាំងផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ មានដូចជា តាមសណ្ឋាគារ, មូលដ្ឋានខណ្ឌបឹងកេងកង បឹងព្រលឹត និងកោះពេជ្រ ជាដើម។ រីឯស្ត្រីខ្មែរអាយុ២០ឆ្នាំម្នាក់ មានអាសយដ្ឋាននៅឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
២១នាក់ ត្រូវបានដាក់សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ប៉ុន្តែអ្នកជំងឺ២នាក់ទៀត មានស្ត្រីខ្មែរអាយុ៤៣ឆ្នាំ មិនព្រមទៅសម្រាកព្យាបាលដោយមានកូនតូចនៅជាមួយ រីឯបុរសចិនអាយុ២៣ឆ្នាំ មិនអាចទាក់ទងបាន។
មកដល់ពេលនេះ សារព័ត៌មានថ្មីៗ មិនទាន់ដឹងតួលេខប្រែប្រួលយ៉ាងណាទៀតនោះឡើយ ដោយសារតែក្រសួងសុខាភិបាលបានលុបចោលសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនវិញ៕