សារលិខិតអបអរសាទរដោយឯកឧត្ដម Mohammad Jusuf Kalla អតីតអនុប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៊ីសហប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ីនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ស្ដីពី«ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍សម្រាប់វិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩»តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានអត្ថន័យដូចខាងក្រោម៖
សូមអបអរសាទរដល់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) និងសន្និសិទ្ធអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) ចំពោះសមិទ្ធផលដែលទទួលបានក្នុងរយៈពេល២ឆ្នាំកន្លងមក។ ទោះបីជាសកម្មភាពជាច្រើនត្រូវបានរំខានដោយសារបញ្ហាជំងឺរាតត្បាលកូវីដ-១៩ តែក្រុមប្រឹក្សាវប្បធម៌អាស៊ីនៅតែរក្សាបាននូវសកម្មភាពគន្លឹះរបស់ខ្លួនដូចជាការរៀបចំនូវកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ និងការអនុវត្តនូវគម្រោង TECHO ភូមិ១០០។
ខ្ញុំជឿជាក់ថាកត្តាដ៏សំខាន់មួយដែលជួយស្ដារនូវសេដ្ឋកិច្ច និងសង្គមរបស់យើងឡើងវិញក្រោយសម័យកាលកូវីដ-១៩នេះ គឺអាចធ្វើឡើងតាមរយៈការជម្រុញការអភិវឌ្ឍន៍ដោយផ្អែកលើវប្បធម៌ ដែលសំដៅទៅលើការបង្កើនប្រសិទ្ធភាពនៃធនធានវប្បធម៌ទៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ បញ្ហាចោទគន្លឹះនៅទីនេះ តើយើងអាចធ្វើឱ្យវប្បធម៌ក្លាយជាមគ្គុទេសន៍នាំផ្លូវ និងអនុញ្ញាតិដល់ការស្ដារឡើងវិញនូវសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្នដោយរបៀបណា។
បេតិកភណ្ឌវប្បធម៌ ឧស្សាហកម្មវប្បធម៌និងការឆ្នៃប្រឌិត ទេសចរណ៍វប្បធម៌ប្រកបដោយចីរភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ អាចបម្រើជាយុទ្ធសាស្ត្រដល់ការបង្កើតប្រាក់ចំណូលនៅក្នុងតំបន់អាស៊ីដែលជាតំបន់ដែលសំបូរទៅដោយបេតិកភណ្ឌវប្បធម៌។ សរុបមក វប្បធម៌ គឺជាធនធានកម្រសម្រាប់យើង ក្នុងការកសាងសង្គមសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញឱ្យកាន់តែរឹងមាំក្រោយជំងឺរាតត្បាតកូវីដ-១៩។
ខ្ញុំសូមជូនពរដល់កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើទី២ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងសូមជូនពរដល់សមាជិកអង្គប្រជុំ នូវសុខភាពល្អ និងទទួលបានជោគជ័យនូវគ្រប់ភារកិច្ច។
ទីក្រុងហ្សាកាតា ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១