WHO៖ ប្រមុខអង្គការសុខភាពពិភពលោកនិយាយថា ករណីឆ្លងថ្មីនៃវីរុសកូរ៉ូណា ឬ COVID-19 ជាង ៥លាន ២សែននាក់ត្រូវបានរាយការណ៍នៅទូទាំងពិភពលោកកាលពីសប្ដាហ៍មុន ជាចំនួនហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានប្រចាំសប្ដាហ៍។
លោក Tedros Adhanom Ghebreyesus បានរាយការណ៍កាលពីថ្ងៃច័ន្ទថា នេះជាការកើនឡើងខ្ពស់រយៈពេល ៨សប្ដាហ៍ជាប់ៗគ្នានៃករណីឆ្លង។ លោក Tedros ក៏បានបង្ហាញការព្រួយបារម្ភផងដែរ អំពីការកើនឡើងនៃចំនួនមនុស្សស្លាប់។ លោកបាននិយាយថា រយៈពេល ៩ខែចំនួនអ្នកស្លាប់បានកើនឡើងដល់ ១លាននាក់ រយៈពេល ៤ខែក្រោយបានកើនឡើងដល់ ២លាននាក់ ហើយ ៣ខែក្រោយមកទៀតអ្នកស្លាប់លើពិភពលោកដោយសារជំងឺ COVID-19 បានកើនឡើងដល់ជាង ៣លាននាក់។ លោក Tedros បាននិយាយថា ការឆ្លង និងចំនួនអ្នកជំងឺចូលសម្រាកក្នុងមន្ទីរពេទ្យកំពុងកើនឡើង ក្នុងចំណោមមនុស្សដែលមានអាយុចន្លោះពី ២៥ឆ្នាំដល់ ៥៩ឆ្នាំ។ លោកថា ការឆ្លងជំងឺបម្លែងខ្លួនថ្មីដ៏ខ្ពស់ និងការមិនគោរពវិធានការគម្លាតសុវត្ថិភាព អាចជាកត្តាបណ្ដាលឲ្យមានការឆ្លងកើនឡើង។
ប្រធានក្រុមបច្ចេកទេសសម្រាប់ការឆ្លើយតបវីរុសកូរ៉ូណា របស់អង្គការសុខភាពលោកស្រី Maria Van Kerkhove បានបញ្ជាក់ថា ចំណុចសំខាន់នៃការរក្សាវិធានការប្រឆាំងនឹងការឆ្លងជាក់ស្ដែង រួមទាំងការចៀសវៀងចូលទៅកន្លែងដែលមានមនុស្សច្រើនកុះករផងដែរ។ លោកស្រីបានអំពាវនាវដល់រដ្ឋាភិបាលនានា ជួយគាំទ្រឲ្យមានការធ្វើការងារពីផ្ទះ ស្នាក់នៅក្នុងផ្ទះ ប្រសិនបើចាំបាច់ ដូច្នេះយើងអាចកាត់បន្ថយលទ្ធភាព នៃការឆ្លងរាលដាលវីរុសនេះបាន៕