Alynana Media Cambodia
Icon Collap
clinic narit

អង្គការ​សុខភាព​ពិភពលោក៖ត្រឹមរយៈពេលមួយសប្ដាហ៍ករណី​ឆ្លងកូវីដ១៩ជាង ៥លាននាក់បាន​ហក់​ឡើង​ខ្ពស់​​

Admin Alynana | Apr 20, 2021
អង្គការ​សុខភាព​ពិភពលោក៖ត្រឹមរយៈពេលមួយសប្ដាហ៍ករណី​ឆ្លងកូវីដ១៩ជាង ៥លាននាក់បាន​ហក់​ឡើង​ខ្ពស់​​
Clinic narith

​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោកនិយាយ​ថា ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា ឬ​ COVID-19 ជាង​ ៥​លាន ​២​សែន​នាក់ត្រូវ​បាន​រាយការណ៍​នៅ​ទូទាំង​ពិភពលោក​កាលពី​សប្ដាហ៍​មុន ជា​ចំនួន​ហក់​ឡើង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ប្រចាំ​សប្ដាហ៍។​

​លោក Tedros Adhanom Ghebreyesus បាន​រាយការណ៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា នេះ​ជា​ការ​កើន​ឡើង​ខ្ពស់​រយៈពេល​ ៨​សប្ដាហ៍​ជាប់ៗ​គ្នា​នៃ​ករណី​ឆ្លង​។​ លោក Tedros ក៏បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ផង​ដែរ ​អំពី​ការ​កើន​ឡើង​នៃ​ចំនួន​មនុស្ស​ស្លាប់​។ លោក​បាន​និយាយ​ថា រយៈពេល​ ៩​ខែ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ​១​លាន​នាក់ រយៈពេល ​៤​ខែ​ក្រោយ​បាន​កើន​ឡើង​ដល់ ​២​លាន​នាក់ ហើយ​ ៣​ខែក្រោយ​មក​ទៀតអ្នក​ស្លាប់​លើ​ពិភព​លោក​ដោយ​សារ​ជំងឺ ​COVID-19 បាន​កើន​ឡើង​ដល់​ជាង ​៣​លាន​នាក់​។​ ​លោក Tedros បាន​និយាយ​ថា ​ការឆ្លង និង​ចំនួន​អ្នកជំងឺ​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​កំពុង​កើន​ឡើង​ ក្នុងចំណោម​មនុស្ស​ដែល​មាន​អាយុ​ចន្លោះ​ពី ២៥​ឆ្នាំ​ដល់ ៥៩​ឆ្នាំ។ លោក​ថា ការ​ឆ្លង​ជំងឺ​ប​ម្លែ​ង​ខ្លួន​ថ្មី​ដ៏​ខ្ពស់ និង​ការ​មិន​គោរព​វិធានការ​គម្លាត​សុវត្ថិភាព ​អាច​ជា​កត្តា​បណ្ដាល​ឲ្យ​មានការ​ឆ្លង​កើន​ឡើង​។​

​ប្រធាន​ក្រុមបច្ចេកទេស​សម្រាប់​ការ​ឆ្លើយ​តប​វីរុស​កូ​រ៉ូ​ណា របស់​អង្គការ​សុខភាព​លោកស្រី Maria Van Kerkhove បាន​បញ្ជាក់​ថា​ ចំណុច​សំខាន់​នៃ​ការ​រក្សា​វិធានការ​ប្រឆាំង​នឹង​ការ​ឆ្លង​ជាក់ស្ដែង រួម​ទាំង​ការ​ចៀសវៀង​ចូល​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​កុះករផងដែរ​។​ លោក​ស្រីបាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​នានា ​ជួយ​គាំទ្រ​ឲ្យ​មាន​ការ​ធ្វើ​ការងារ​ពី​ផ្ទះ ស្នាក់នៅ​ក្នុង​ផ្ទះ ប្រសិនបើ​ចាំបាច់ ដូច្នេះ​យើង​អាច​កាត់បន្ថយ​លទ្ធភាព ​នៃ​ការ​ឆ្លង​រាលដាល​វីរុស​នេះ​បាន​៕