Alynana Media Cambodia
Icon Collap
clinic narit

អាជ្ញាធរចាប់ផ្តើមប្រតិបត្តិការរុះរើផ្ទះបណ្តែតទឹក និងសំណង់ មិនមានរបៀបរៀបរយលើផ្ទៃទន្លេចាំពីថ្ងៃសៅរ៍ ទី៥មិថុនា ស្អែនេះហើយ

Sang Kim | Jun 04, 2021
អាជ្ញាធរចាប់ផ្តើមប្រតិបត្តិការរុះរើផ្ទះបណ្តែតទឹក និងសំណង់ មិនមានរបៀបរៀបរយលើផ្ទៃទន្លេចាំពីថ្ងៃសៅរ៍ ទី៥មិថុនា ស្អែនេះហើយ
Clinic narith

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៥​មិថុនា ឆ្នាំ២០២១​ ស្អែកនេះ​ រដ្ឋបាលរាជធានីភ្នំពេញ រួមទាំង​អាជ្ញាធរដែនដី នៅតាមដងទន្លេ​ នឹងចាប់ផ្តើម​ប្រតិបត្តិការ​រុះរើបែត្រី ផ្ទះបណ្តែត​ទឹក និងសំណង់មិនរៀបរយ​ ចេញ​ពី​ទន្លេ​ ដោយចាប់ផ្តើម​មុនគេ ចេញ​ពី​​ខណ្ឌ​ព្រែក​ព្នៅ​​​​។ នេះ​បើ​តាម​សេច​ក្តី​ជូន​ដំណឹង​ផ្ទាល់​​មាត់ពីមន្ទីរព័ត៌មាន រាជធានីភ្នំពេញ ដើម្បី​ឲ្យ​អ្នកសារព័ត៌មាន​ ចូលរួម​ថតផ្សាយពី​សកម្មភាពរបស់អាជ្ញាធររាជធានីភ្នំពេញ។ 

កាលពីថ្ងៃទី២​ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាល​​រាជធានីភ្នំពេញ បានចេញលិខិត​​ឲ្យ​រុះរើ ឬចល័ត​បែចិញ្ចឹមត្រី ផ្ទះ​បណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់ ​មិនរៀប​រយ​លើផ្ទៃទន្លេ ចេញពី​​ភូមិសាស្ត្រ​​រាជធានីភ្នំពេញ​។

ក្នុងសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ លើកឡើងថា កន្លងមក មានជនឱកាសនិយម​មួយចំនួន បានលប លួច​ធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និង​សំណង់​មិនរៀបរយ​នៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះ បានប្រែក្លាយ ជាកន្លែងស្នាក់នៅ​ដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ ដែលបង្ក​ឲ្យបាត់បង់​សណ្តាប់ធ្នាប់​ ប៉ះពាល់​ដល់ផ្លូវនាវាចរ ប៉ះពាល់​ដល់​ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់​ចំណី សម្រាប់ ចិញ្ចឹមត្រី​ និងការបញ្ចេញកាកសំណល់ ការបន្ទោបង់​ពាសវាលពាសកាលក្នុងទន្លេ ធ្វើ​ឲ្យខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុងទឹក ខូចគុណភាព​ទឹក បំណុលបរិស្ថាន និងប៉ះពាល់​ដល់​សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់​ដល់សុខភាព​នៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់​ទឹក​មិនស្អាតផងដែរ​។

ចំពោះ​មុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់​បាតុភាព​អសកម្ម​ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវ​ឲ្យ​ម្ចាស់បែចិញ្ចឹម​ត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់​មិន​រៀបរយ នៅលើផ្ទៃទន្លេទាំង អស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល ១សប្តាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញ សេចក្តីជូនដំណឹងនេះតទៅ​។ ផុតរយៈពេលនេះ រដ្ឋបាល​រាជធានីភ្នំពេញ នឹងចាត់វិធានការ​រដ្ឋបាល ដោយពុំទទួល ខុសត្រូវរាល់ ​ការខូចខាត ឬការបាត់​បង់​ណាមួយឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ នឹងកសាង​សំណុំរឿង​ បញ្ជូនទៅតុលាការ តាមផ្លូវច្បាប់។​

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើបងប្អូន​ប្រជាពលរដ្ឋ ប្តូរទម្លាប់​ពីការចិញ្ចឹមត្រី តាមបែ​លើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ មកចិញ្ចឹម​ត្រីតាមស្រះវិញ៕