(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៥មិថុនា ឆ្នាំ២០២១ ស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរដែនដី នៅតាមដងទន្លេ នឹងចាប់ផ្តើមប្រតិបត្តិការរុះរើបែត្រី ផ្ទះបណ្តែតទឹក និងសំណង់មិនរៀបរយ ចេញពីទន្លេ ដោយចាប់ផ្តើមមុនគេ ចេញពីខណ្ឌព្រែកព្នៅ។ នេះបើតាមសេចក្តីជូនដំណឹងផ្ទាល់មាត់ពីមន្ទីរព័ត៌មាន រាជធានីភ្នំពេញ ដើម្បីឲ្យអ្នកសារព័ត៌មាន ចូលរួមថតផ្សាយពីសកម្មភាពរបស់អាជ្ញាធររាជធានីភ្នំពេញ។
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញលិខិតឲ្យរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់ មិនរៀបរយលើផ្ទៃទន្លេ ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្នុងសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ លើកឡើងថា កន្លងមក មានជនឱកាសនិយមមួយចំនួន បានលប លួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះ បានប្រែក្លាយ ជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ ដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណី សម្រាប់ ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំណុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។
ចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឲ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយ នៅលើផ្ទៃទន្លេទាំង អស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល ១សប្តាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញ សេចក្តីជូនដំណឹងនេះតទៅ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាល ដោយពុំទទួល ខុសត្រូវរាល់ ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ នឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមផ្លូវច្បាប់។
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើបងប្អូនប្រជាពលរដ្ឋ ប្តូរទម្លាប់ពីការចិញ្ចឹមត្រី តាមបែលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ មកចិញ្ចឹមត្រីតាមស្រះវិញ៕