Alynana Media Cambodia
Icon Collap
clinic narit

ក្នុង​ចំណោម​គ្រឿងញៀន​ជាង​ ៩០​ តោន​ដែល​បង្ក្រាប​បានសមត្ថកិច្ច​ដុតចោលអស់ជាង​ ៦ ​តោន

Admin Alynana | Jun 27, 2022
ក្នុង​ចំណោម​គ្រឿងញៀន​ជាង​ ៩០​ តោន​ដែល​បង្ក្រាប​បានសមត្ថកិច្ច​ដុតចោលអស់ជាង​ ៦ ​តោន
Clinic narith

ភ្នំពេញៈ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ដុតបំផ្លាញ​គ្រឿងញៀន​ជាង​ ៦ ​តោន ​ក្នុង​ចំណោម​គ្រឿងញៀន​ដែល​​រឹបអូស​បាន​ជាង​ ៩០ ​តោន ដើម្បី​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្ងៃទី​ ២៦​ មិថុនា​ នៅក្បែរ​អគារ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះពេជ្រ​។

ចំណែក​សល់​ពី​នោះ​នឹង​បន្សាប​ និង​បំផ្លាញចោល​តាម​លក្ខណៈ​បច្ចេកទេស​នាពេល​ក្រោយ​។

លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹងថា គ្រឿងញៀន​ដែល​ត្រូវ​ដុត​កម្ទេច​នេះ​គណៈកម្មការ​បាន​រៀបចំ​តាម​លក្ខណៈ​បច្ចេកទេស និង​សុវត្ថិភាព​។ នៅ​ចំពោះមុខ​អង្គពិធី​គឺ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តី​សម្រេច​រឹបអូស​បំផ្លាញ​ចោល​មាន​ចំនួន​ ៥៥ ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​មាន​ទម្ងន់​សរុប​ ៩០ ​តោន​ ៨០​ គីឡូក្រាម​ និង ​៦៦៤,៣០ ​ក្រាម​ដែល​សមត្ថកិច្ច​បង្ក្រាប​ក្នុង​ឆ្នាំ​ ២០២១-២០២២​។

លោក​បញ្ជាក់ថា គណៈកម្មការ​ដុត​បំផ្លាញ​គ្រឿងញៀន និង​មន្ទីរពិសោធន៍​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​សម្រេច​បំផ្លាញ​គ្រឿងញៀន​ ដោយ​វិធីសាស្ត្រ​ដុត​នូវ​សារធាតុ​ញៀន និង​សារធាតុ​គីមី​ទម្ងន់ ៦ ​តោន ២៥៩ គីឡូក្រាម និង ​៥៣០,៣២ ​ក្រាម​ប៉ុណ្ណោះ​។ រីឯ​សារធាតុ​ញៀន សារធាតុ​គីមី និង​សារធាតុ​គីមី​ផ្សំ​ទម្ងន់​ ៨៣ ​តោន ៨២១​ គីឡូក្រាម និង​ ១៣៣,៩៨ ​ក្រាម ដែល​ជា​សារធាតុ​រំលាយ ហើរ ជា​អាស៊ីត និង​គីមី​ពុល​ឆាបឆេះ​ខ្លាំង​មិនអាច​បំផ្លាញ​តាម​ការដុត​បាន គឺ​គណៈកម្មការ​សម្រេច​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ដើម្បី​បន្សាប​ និង​បំផ្លាញចោល​តាម​លក្ខណៈ​បច្ចេកទេស​នាពេល​ក្រោយ​។

លោក​បាន​ថ្លែងថា​៖ «​បរិមាណ​គ្រឿងញៀន​ដ៏ច្រើន​នេះ​ ប្រសិន​បើ​​សមត្ថកិច្ច​យើង​បង្ក្រាប​មិនទាន់​ពេលនោះ​ទេវា​នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ ជាពិសេស​អនាគត​យុវវ័យ ដែល​ជា​ទំពាំង​ស្នង​ឫស្សី​រាប់ពាន់​ម៉ឺន​នាក់​ជាក់​ជាមិនខាន​។ នោះ​គឺជា​មហា​សោកនាដកម្ម​សម្រាប់​មនុស្ស​ជាតិ​គ្រប់រូប​»​។

 

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នា​ថ្ងៃទី​ ២៦ មិថុនា​នៅក្នុង​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះពេជ្រ​នេះ លោក ឧបនាយករដ្ឋមន្ត្រី​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ឱ្យដឹងថា​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ការដណ្តើម​ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច​របស់​មហាអំណាច​ធំៗ និង​វិបត្តិ​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន​ជាដើម គេ​តែង​បំភ្លេច​ ឬ​ចាត់ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឱ្យនៅ​ដោយឡែក ប៉ុន្តែ​កម្ពុជា​មិន​ត្រឹមតែ​មិន​បំភ្លេច​ទេ តែ​ថែមទាំង​បង្កើន​ការយក​ចិត្តទុកដាក់​ទៀតផង​៕