ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញគ្រឿងញៀនជាង ៦ តោន ក្នុងចំណោមគ្រឿងញៀនដែលរឹបអូសបានជាង ៩០ តោន ដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី ២៦ មិថុនា នៅក្បែរអគារមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ចំណែកសល់ពីនោះនឹងបន្សាប និងបំផ្លាញចោលតាមលក្ខណៈបច្ចេកទេសនាពេលក្រោយ។
លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា គ្រឿងញៀនដែលត្រូវដុតកម្ទេចនេះគណៈកម្មការបានរៀបចំតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាព។ នៅចំពោះមុខអង្គពិធីគឺសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចរឹបអូសបំផ្លាញចោលមានចំនួន ៥៥ សំណុំរឿងព្រហ្មទណ្ឌដែលមានទម្ងន់សរុប ៩០ តោន ៨០ គីឡូក្រាម និង ៦៦៤,៣០ ក្រាមដែលសមត្ថកិច្ចបង្ក្រាបក្នុងឆ្នាំ ២០២១-២០២២។
លោកបញ្ជាក់ថា គណៈកម្មការដុតបំផ្លាញគ្រឿងញៀន និងមន្ទីរពិសោធន៍នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានសម្រេចបំផ្លាញគ្រឿងញៀន ដោយវិធីសាស្ត្រដុតនូវសារធាតុញៀន និងសារធាតុគីមីទម្ងន់ ៦ តោន ២៥៩ គីឡូក្រាម និង ៥៣០,៣២ ក្រាមប៉ុណ្ណោះ។ រីឯសារធាតុញៀន សារធាតុគីមី និងសារធាតុគីមីផ្សំទម្ងន់ ៨៣ តោន ៨២១ គីឡូក្រាម និង ១៣៣,៩៨ ក្រាម ដែលជាសារធាតុរំលាយ ហើរ ជាអាស៊ីត និងគីមីពុលឆាបឆេះខ្លាំងមិនអាចបំផ្លាញតាមការដុតបាន គឺគណៈកម្មការសម្រេចប្រគល់ជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបន្សាប និងបំផ្លាញចោលតាមលក្ខណៈបច្ចេកទេសនាពេលក្រោយ។
លោកបានថ្លែងថា៖ «បរិមាណគ្រឿងញៀនដ៏ច្រើននេះ ប្រសិនបើសមត្ថកិច្ចយើងបង្ក្រាបមិនទាន់ពេលនោះទេវានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសអនាគតយុវវ័យ ដែលជាទំពាំងស្នងឫស្សីរាប់ពាន់ម៉ឺននាក់ជាក់ជាមិនខាន។ នោះគឺជាមហាសោកនាដកម្មសម្រាប់មនុស្សជាតិគ្រប់រូប»។
ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាថ្ងៃទី ២៦ មិថុនានៅក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនេះ លោក ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងថាពេលមានវិបត្តិជំងឺកូវីដ ១៩ ការដណ្តើមភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចរបស់មហាអំណាចធំៗ និងវិបត្តិនៃសង្គ្រាមនៅអ៊ុយក្រែនជាដើម គេតែងបំភ្លេច ឬចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យនៅដោយឡែក ប៉ុន្តែកម្ពុជាមិនត្រឹមតែមិនបំភ្លេចទេ តែថែមទាំងបង្កើនការយកចិត្តទុកដាក់ទៀតផង៕