Alynana Media Cambodia
Icon Collap
clinic narit

នៅសល់តែ ៣​ថ្ងៃ​ទៀតប៉ុន្នោះ អ្នក​រកស៊ី​អន​ឡាញ ដែល​គ្មាន​អាជ្ញា​បណ្ណ នឹង​ត្រូវ​ផាកពិន័យ​ និង​អាច​ផ្តន្ទាទោស​តាម​ច្បាប់

Admin Alynana | Jun 28, 2022
នៅសល់តែ ៣​ថ្ងៃ​ទៀតប៉ុន្នោះ អ្នក​រកស៊ី​អន​ឡាញ ដែល​គ្មាន​អាជ្ញា​បណ្ណ នឹង​ត្រូវ​ផាកពិន័យ​ និង​អាច​ផ្តន្ទាទោស​តាម​ច្បាប់
Clinic narith

រាជធានី​ភ្នំពេញ ៖ គិត​មក​ត្រឹម​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២២​នេះ នៅ​សល់​រយៈពេល ០៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សម្រាប់​អ្នក​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ឬ​អ្នក​រកស៊ី​លក់ដូរតាម​អន​ឡាញ ត្រូវ​ស្នើ​សុំ​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ ពី​ក្រសួងពាណិជ្ជកម្ម​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បើ​ដល់​វេលា​កំណត់ ​គឺ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ ក្រសួងពាណិជ្ជកម្ម នឹង​ធ្វើការ​ផាកពិន័យ​ជា​ប្រាក់ និង​អាច​មានការ​ផ្តន្ទាទោសចំពោះ​អ្នក​រកស៊ី​តាម​អន​ឡាញណា ​ដែល​មិន​បាន​ចុះបញ្ជី​ពាណិជ្ជក​ម្ម​ ។

កន្លង​មក​ក្រសួងពាណិជ្ជកម្ម បាន​សម្រេច​ពន្យា​ពេល​ការ​ផាកពិន័យ​០២លើករួចមកហើយ ចំពោះ​ការ​ដាក់​ពាក្យ​ស្នើ​សុំ លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​ តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដោយសារ​ជំងឺ​កូ​វី​ដប​ម្លែ​ង​ថ្មី​អូ​មី​ក្រុង នៅ​ឆ្លង​រាល់ដាល​ខ្លាំង​ក្នុង​សហគមន៍ នៅឡើយ ។

 ក្រសួងពាណិជ្ជកម្ម ធ្លាប់​ជម្រាប​ជូន​ថា អនុលោម​តាម​សេចក្តីជូនដំណឹង​លេខ ២៩០៨ ព​.​ណ​.​ចប​ព ចុះ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២១ ស្តី​ពី​ការ​ពន្យារពេល​ការ​ផាកពិន័យ​ចំពោះ​ការ​យឺតយ៉ាវ​សម្រាប់​ការ​ដាក់​ពាក្យ​ស្នើ​សុំ​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នឹង​ដល់​កាល​បរិច្ឆេទ​​កំណត់​នៅ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២២​នេះ និង​ដោយ​យោង​តាម​ការ​សំណូមពរ​របស់​អាជីវករ សហគ្រាស​ឯកបុគ្គល និង​ក្រុមហ៊ុន​ជា​ច្រើន និង​រួម​ផ្សំ​ជាមួយនឹង​ការ​ផ្ទុះ​ឡើង​វិញ​នូវ​ជំងឺ​កូ​វី​ដប​ម្លែ​ង​ថ្មី (​អូ​មី​ក្រុង​) កំពុង​រាលដាល​ខ្លាំង​ក្នុង​សហគមន៍ ក្រសួងពាណិជ្ជកម្ម សម្រេច​ពន្យារ​កាលបរិច្ឆេទ​ការ​ផាកពិន័យ រហូត​ដល់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ ដើម្បី​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​ដល់ រូបវន្តបុគ្គល សហគ្រាស​ឯកបុគ្គល ឬ​ក្រុមហ៊ុន​ដែល​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ធ្វើការ​ស្នើ​សុំ​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ ។
 
 ក្រសួងពាណិជ្ជកម្ម បញ្ជាក់​ផង​ដែរ​ថា ចំពោះ​អាជីវកម្ម​ដែល​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដោយ​មិន​មានការ​អនុញ្ញាត​ពី​ក្រសួងពាណិជ្ជកម្ម អាជីវកម្ម​នោះ​នឹង​ត្រូវ​ទទួល​ការ​ផាកពិន័យ​ជា​ប្រាក់ និង​អាច​មានការ​ផ្តន្ទាទោស ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ។
 ក្រសួងពាណិជ្ជកម្ម មាន​ជំនឿ​យ៉ាង​មុតមាំ​ថា លោក​-​លោកស្រី សហគ្រាស​ឯកបុគ្គល នីតិបុគ្គល និង​សាខា​ក្រុមហ៊ុន​បរទេស ដែល​បាន​និង​កំពុង​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ទាំងអស់ នឹង​រួសរាន់​ដាក់​ពាក្យ​ស្នើ​សុំ​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម តាម​នីតិវិធី តាម​ការ​កំណត់​ជាក់​ជា​មិន​ខាន ។

សូមបញ្ជាក់ថា ប្រភេទ​អាជីវកម្ម តាម​អន​ឡាញ​ ចំនួន០​៦ ដែលលើកលែង ដោយ​មិន​ចាំបាច់​ទៅ​ចុះបញ្ជី​នោះ​ទេ មាន​ដូចជា ​៖

ទី​១-បើ​អ្នក​គ្រាន់តែ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​ទំនិញ ឬ​សេវា​របស់​ខ្លួន ដែល​មិន​បង្កើត​ជា​សំណើ នៃ​កិច្ចសន្យា​មាន​ន័យ​ថា អ្នក​គ្រាន់តែ​ធ្វើការ​ផ្សព្វផ្សាយ ដូច​ជា​អ្នកមាន​ទំនិញ​កសិផល​ល្អ ប៉ុន្ដែ​អ្នក​អត់​បាន​ប្រកាស អំពី​តម្លៃ​របស់​កសិផល​របស់​អ្នក គឺ​ដោយ​មិន​បង្កើត​សំណើ​ជា​កិច្ចសន្យា ដូច្នេះ​ត្រូវ​បាន​លើកលែង ព្រោះ​អ្នក​មិន​បាន​ផ្ដល់​សេវា​ពាណិជ្ជកម្ម​ទិញ​-​លក់​ទេ (​ប៉ុន្តែ​ត្រូវ​ឲ្យ​ច្បាស់​ថា អ្នក​មិន​ផ្ដល់​សេវា​ទិញ​-​លក់​)​ ។

ទី​២-ការ​កក់​បម្រុង​ទុក​នូវ​សេវា ដែល​មិន​មានការ​កក់​ប្រាក់ គឺ​អាច​ផ្ដល់​ព័ត៌មាន​ផ្សេង​ៗ​សម្រាប់​អតិថិជន ឬ​អ្នក​ប្រើប្រាស់​របស់​អ្នក មាន​ន័យ​ថា មានការ​ជជែក​ជាមួយ​អ្នក​បាន ប៉ុន្ដែ​មិន​មាន​សេវា​កក់​ប្រាក់​ឡើយ ជា​រួម​គឺ​មិន​មាន​បង្កើត​សំណើ​នៃ​កិច្ចសន្យា​នោះ​ទេ ដូច្នេះ​ក៏​មិន​ចាំបាច់​ចុះបញ្ជី​ដែរ​ ។

ទី​៣-ការ​លក់ទំនិញ ឬ​សេវា​របស់​រូបវន្តបុគ្គល ដែល​មាន​ផល​របប​ក្រោម​កម្រិត​ផល​របប​ជា​អ្នក​ជាប់ពន្ធ​តូច មាន​ន័យ​ថា ប្រសិនបើ​អ្នក​រកស៊ី ស្ថិត​នៅ​ការ​រកស៊ី​ក្រោម​កម្រិត​ផល​របប​ជា​អ្នក​ជាប់ពន្ធ​តូច (​ក្រោម ២៥០​លាន​រៀល​ក្នុង​១​ឆ្នាំ​) គឺ​មិន​ចាំបាច់​ចុះបញ្ជី ដោយ​ត្រូវ​បាន​លើកលែង​ផង​ដែរ ប៉ុន្តែ​ក៏​ត្រូវ​សិក្សា​ឲ្យ​ច្បាប់​ថា តើ​អ្នក​រកស៊ី​ស្ថិត​នៅ​ក្រោម​កម្រិត​ផល​របប ជា​អ្នក​ជាប់ពន្ធ​តូច​ដែរ ឬទេ ?

ទី​៤-ការ​លក់ទំនិញ ឬ​ផ្ដល់​សេវា ដែល​មាន​លក្ខណ​គ្រួសារ​តាម​រដូវ​កាល​។ ឧទាហរណ៍​ដូច​ជា​អ្នកចំការ​ខ្លះ គាត់​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ដោយ​គាត់​ដាក់​ថា រដូវ​ស្វាយ​ដល់​ហើយ ឬ​ទុរេន​ដល់​ហើយ ប៉ុន្ដែ​គាត់​មិន​បាន​ដាក់​លក់​ជាប់​ជា​ប្រចាំ​នោះ​ទេ គឺ​គ្រាន់តែ​មាន​កសិផល ទៅ​តាម​រដូវ​ដាំ​ណាំ​របស់​គាត់​ប៉ុណ្ណោះ ដូច្នេះ​គឺ​មិន​ចាំបាច់​ត្រូវ​សុំ​លិខិតអនុញ្ញាត​នោះ​ទេ ព្រោះ​សេវា​ដែល​ផ្ដល់​ឲ្យ​មាន​រយៈកាល​កំណត់ ជាក់លាក់ ទោះបីជា​វា​បង្កើត​សំណើ​នៃ​កិច្ចសន្យា​ក៏​ពិតមែន ប៉ុន្តែ​វា​មិន​ប្រព្រឹត្តិ​ទៅ​ជាប់​ជា​ប្រចាំ មិន​ដូច​ជា​អាជីវកម្ម ឬ​ការ​ផ្ដល់​សេវា​ពាណិជ្ជកម្ម ដែល​មាន​លក្ខណៈ​អចិន្ត្រៃយ៍​ទេ ​។

ទី​៥-ការ​លក់ទំនិញ​ជា​ស្នាដៃ​សិល្បៈ ឧទាហរណ៍​ដូច​ជា​អ្នក​គូរគំនូរ ហើយ​ពួក​គាត់​បាន​យក​គំនូរ​ទៅ​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា​ខ្លួន​បាន​គូរ ឬ​មួយវិញទៀត​ជា​អ្នក​ឆ្លាក់ ក៏​មិន​តម្រូវ​ឲ្យ​ពួក​គាត់​មក​សុំ​លិខិតអនុញ្ញាត​ដែល ព្រោះ​វា​ជា​ស្នាដៃ​សុទ្ធ​សាត​របស់​ខ្លួន ​។

និងទី​៦-ការ​បង្ហាត់បង្រៀន​សិស្ស តាម​ប្រព័ន្ធ​អន​ឡាញ​ជា​ឯកជន ឬ​ការ​បង្ហាត់បង្រៀន ជា​សិក្ខាសាលា​។​-​ល​-​។ ក៏​ក្រសួង​មិន​តម្រូវ​ចុះបញ្ជី​ដែរ​ ។

ចំពោះ​ពាក្យ​ស្នើ​សុំ បែបបទ លក្ខខណ្ឌ និង​ឯកសារ​តម្រូវ​ផ្សេង​ៗ អាច​ទាញ​យក​បាន​តាម​រយៈ​គេហទំព័រ www.ecommercelicensing.moc.gov.kh ឬគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម www.moc.gov.kh

បុគ្គល​ស្នើ​សុំ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ដោយ​ផ្ទាល់​នៅ​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម នៃ​ក្រសួងពាណិជ្ជកម្ម ឬ​តាម​រយៈ​គេហទំព័រ www.ecommercelicensing.moc.gov.kh ។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម ឬ​តាម​រយៈ​លេខ​ទូរស័ព្ទ 096 9 632 363 ឬ 088 6 083 082 ៕

b8cfb426616dce534ceb1ce04139f44a894ee0b107d0aefcdd8690270bcba689f9f6d9bb01e8ed758461dce07d398330