រាជធានីភ្នំពេញ ៖ គិតមកត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ នៅសល់រយៈពេល ០៣ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់អ្នកធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬអ្នករកស៊ីលក់ដូរតាមអនឡាញ ត្រូវស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ ពីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បើដល់វេលាកំណត់ គឺថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម នឹងធ្វើការផាកពិន័យជាប្រាក់ និងអាចមានការផ្តន្ទាទោសចំពោះអ្នករកស៊ីតាមអនឡាញណា ដែលមិនបានចុះបញ្ជីពាណិជ្ជកម្ម ។
កន្លងមកក្រសួងពាណិជ្ជកម្ម បានសម្រេចពន្យាពេលការផាកពិន័យ០២លើករួចមកហើយ ចំពោះការដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយសារជំងឺកូវីដបម្លែងថ្មីអូមីក្រុង នៅឆ្លងរាល់ដាលខ្លាំងក្នុងសហគមន៍ នៅឡើយ ។
សូមបញ្ជាក់ថា ប្រភេទអាជីវកម្ម តាមអនឡាញ ចំនួន០៦ ដែលលើកលែង ដោយមិនចាំបាច់ទៅចុះបញ្ជីនោះទេ មានដូចជា ៖
ទី១-បើអ្នកគ្រាន់តែផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញ ឬសេវារបស់ខ្លួន ដែលមិនបង្កើតជាសំណើ នៃកិច្ចសន្យាមានន័យថា អ្នកគ្រាន់តែធ្វើការផ្សព្វផ្សាយ ដូចជាអ្នកមានទំនិញកសិផលល្អ ប៉ុន្ដែអ្នកអត់បានប្រកាស អំពីតម្លៃរបស់កសិផលរបស់អ្នក គឺដោយមិនបង្កើតសំណើជាកិច្ចសន្យា ដូច្នេះត្រូវបានលើកលែង ព្រោះអ្នកមិនបានផ្ដល់សេវាពាណិជ្ជកម្មទិញ-លក់ទេ (ប៉ុន្តែត្រូវឲ្យច្បាស់ថា អ្នកមិនផ្ដល់សេវាទិញ-លក់) ។
ទី២-ការកក់បម្រុងទុកនូវសេវា ដែលមិនមានការកក់ប្រាក់ គឺអាចផ្ដល់ព័ត៌មានផ្សេងៗសម្រាប់អតិថិជន ឬអ្នកប្រើប្រាស់របស់អ្នក មានន័យថា មានការជជែកជាមួយអ្នកបាន ប៉ុន្ដែមិនមានសេវាកក់ប្រាក់ឡើយ ជារួមគឺមិនមានបង្កើតសំណើនៃកិច្ចសន្យានោះទេ ដូច្នេះក៏មិនចាំបាច់ចុះបញ្ជីដែរ ។
ទី៣-ការលក់ទំនិញ ឬសេវារបស់រូបវន្តបុគ្គល ដែលមានផលរបបក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច មានន័យថា ប្រសិនបើអ្នករកស៊ី ស្ថិតនៅការរកស៊ីក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច (ក្រោម ២៥០លានរៀលក្នុង១ឆ្នាំ) គឺមិនចាំបាច់ចុះបញ្ជី ដោយត្រូវបានលើកលែងផងដែរ ប៉ុន្តែក៏ត្រូវសិក្សាឲ្យច្បាប់ថា តើអ្នករកស៊ីស្ថិតនៅក្រោមកម្រិតផលរបប ជាអ្នកជាប់ពន្ធតូចដែរ ឬទេ ?
ទី៤-ការលក់ទំនិញ ឬផ្ដល់សេវា ដែលមានលក្ខណគ្រួសារតាមរដូវកាល។ ឧទាហរណ៍ដូចជាអ្នកចំការខ្លះ គាត់ផ្សព្វផ្សាយលើបណ្ដាញសង្គម ដោយគាត់ដាក់ថា រដូវស្វាយដល់ហើយ ឬទុរេនដល់ហើយ ប៉ុន្ដែគាត់មិនបានដាក់លក់ជាប់ជាប្រចាំនោះទេ គឺគ្រាន់តែមានកសិផល ទៅតាមរដូវដាំណាំរបស់គាត់ប៉ុណ្ណោះ ដូច្នេះគឺមិនចាំបាច់ត្រូវសុំលិខិតអនុញ្ញាតនោះទេ ព្រោះសេវាដែលផ្ដល់ឲ្យមានរយៈកាលកំណត់ ជាក់លាក់ ទោះបីជាវាបង្កើតសំណើនៃកិច្ចសន្យាក៏ពិតមែន ប៉ុន្តែវាមិនប្រព្រឹត្តិទៅជាប់ជាប្រចាំ មិនដូចជាអាជីវកម្ម ឬការផ្ដល់សេវាពាណិជ្ជកម្ម ដែលមានលក្ខណៈអចិន្ត្រៃយ៍ទេ ។
ទី៥-ការលក់ទំនិញជាស្នាដៃសិល្បៈ ឧទាហរណ៍ដូចជាអ្នកគូរគំនូរ ហើយពួកគាត់បានយកគំនូរទៅដាក់តាំងបង្ហាញនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថាខ្លួនបានគូរ ឬមួយវិញទៀតជាអ្នកឆ្លាក់ ក៏មិនតម្រូវឲ្យពួកគាត់មកសុំលិខិតអនុញ្ញាតដែល ព្រោះវាជាស្នាដៃសុទ្ធសាតរបស់ខ្លួន ។
និងទី៦-ការបង្ហាត់បង្រៀនសិស្ស តាមប្រព័ន្ធអនឡាញជាឯកជន ឬការបង្ហាត់បង្រៀន ជាសិក្ខាសាលា។-ល-។ ក៏ក្រសួងមិនតម្រូវចុះបញ្ជីដែរ ។
ចំពោះពាក្យស្នើសុំ បែបបទ លក្ខខណ្ឌ និងឯកសារតម្រូវផ្សេងៗ អាចទាញយកបានតាមរយៈគេហទំព័រ www.ecommercelicensing.moc.gov.kh ឬគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម www.moc.gov.kh។
បុគ្គលស្នើសុំអាចដាក់ពាក្យស្នើសុំដោយផ្ទាល់នៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឬតាមរយៈគេហទំព័រ www.ecommercelicensing.moc.gov.kh ។
សម្រាប់ព័ត៌មានលម្អិតសូមធ្វើការទំនាក់ទំនងទៅកាន់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ឬតាមរយៈលេខទូរស័ព្ទ 096 9 632 363 ឬ 088 6 083 082 ៕