Alynana Media Cambodia
Icon Collap
clinic narit

ឆ្នាំនេះ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរប្រមាណជាង២២ ម៉ឺននាក់

Admin Alynana | Jul 19, 2022
ឆ្នាំនេះ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរប្រមាណជាង២២ ម៉ឺននាក់
Clinic narith

(មណ្ឌលគិរី)៖ ចំនួនភ្ញៀវទេសចរទៅលេងខេត្តមណ្ឌលគិរី ត្រូវបានគេកត់សម្គាល់ឃើញថា មានការថយចុះ ប៉ុន្តែកើនច្រើនជាង វិបត្តិកូវីដ-១៩ កាលឆ្នាំ២០២១ ដែលក្នុងរយៈពេល ៦ខែ ឆ្នាំនេះ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរប្រមាណជាង២២ ម៉ឺននាក់ ។

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជារៀងរាល់ចុងសប្តាហ៍ នៃខែនីមួយៗ តែងមានអ្នកទេសចរទៅលេងកម្សាន្តឥតដាច់ ជាពិសេសថ្ងៃបុណ្យឈប់សម្រាកនានា។ តាមការអង្កេតរបស់មន្ត្រីជំនាញ អ្នកទេសចរដែលទៅលេងកម្សាន្ត គឺភាគច្រើនជាអ្នកមានជីវភាពល្អប្រសើរ ដូច្នេះ ពាក់ព័ន្ធដំណើរកម្សាន្តរបស់ពួកគេ​ហាក់​មិនមានបញ្ហាចោទលើការចំណាយ ដូចជាប្រេងសាំងឡើងថ្លៃនោះប៉ុន្មានទេ។

លោក​បានទទួលស្គាល់ថា ការប្រែប្រួលនៃតម្លៃទំនិញ និងប្រេងសាំងនេះ ពិតជាបានបង្កផលប៉ះពាល់ខ្លះ ចំពោះវិ​ស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី ដោយចំនួនអ្នកទេសចរមិនច្រើនដូចមុន ដ្បិតអ្នកមានជីវភាពរាងទាប​បានកាត់​បន្ថយដំណើរកម្សាន្តរបស់ពួកគេ ដើម្បីទប់ទល់បញ្ហាជីវភាពប្រចាំថ្ងៃ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបង្ហាញថា ភ្ញៀវទេសចរ​ដែលបានទៅទស្សនា ក្នុងខេត្ត ក្នុងឆមាសទី១ ឆ្នាំនេះ សរុបមានចំនួន ២២៤,៧២៩នាក់ ក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន ២២២,៩២២នាក់ ភ្ញៀវទេសចរអន្តរជាតិ ចំនួន ១,៨០៧នាក់ បើធៀបនឹងឆមាសឆ្នាំ២០២១ មានចំនួន ៧៧,០៥៥នាក់ កើនលើស ១៩១,៦៥ភាគរយ។

ទោះបីខេត្តមណ្ឌលគិរីទទួលរងផលប៉ះពាល់ខ្លះក៏ពិតមែន ប៉ុន្តែ ខេត្តនៃតំបន់ភូមិភាគឦសានមួយនេះ នៅតែមាន​សក្តានុពលខ្ពស់ ក្នុងការទាក់ទាញអារម្មណ៍របស់ភ្ញៀវទេសចរឱ្យទៅលេង ដោយខេត្តមណ្ឌលគិរី មានភាពសម្បូរបែបនូវធនធានធម្មជាតិ  អាកាសធាតុត្រជាក់ និងមានវប្បធម៌ជនជាតិដើមភាគតិច ជាពិសេសមានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែង ដូចជារមណីដ្ឋានវប្បធម៌ភ្នំដោះក្រមុំ រមណីយដ្ឋានសមុទ្រឈើ ចំការកាហ្វេ និងរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ជាដើម ៕